រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនាយិកាធនាគារពិភពលោកប្រចាំកម្ពុជា លើកទឹកចិត្តដល់ក្រុមការងារ មន្ទីរកសិកម្ម ប្រជាកសិករ ឱ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម មើលថែរទាំសត្វ និងដំណាំឲ្យបានល្អ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលស្ថិតក្នុងគម្រោងសង្គ្រោះបន្ទាន់ បណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម មានកសិករចំនួន ១ ០៤២គ្រួសារ ទទួលបានការឧបត្ថម្ភគាំទ្រធាតុចូល ផលិតកម្មសត្វ វារីវប្បកម្ម និងផលិតកម្មដំណាំ ពីគម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សូមបញ្ជាក់ថា កសិករ ទទួលធាតុចូលដំណាំចំនួន ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន កូនបន្លែ ៤០០ដើម ត្រេ ២ផ្ទាំង សំណាញ់ ១០គក្រ និងជីលាមកសត្វ ១៥០គ.ក្រ។
- កសិករចំនួន ២៤គ្រួសារ ទទួលបានធាតុចូលផលិតកម្មសត្វមាន ទ្រុងធំ ១ខ្នង (២,៥០មX៤ម) កូនមាន់ ៧០ក្បាល ស្នូកទឹក ស្នូកចំណាំ ៥០គីឡូ សំណាញ់ ៥គីឡូ និងថ្នាំ ១ឈុត ។
- កសិករទទួលធាតុចូលវារីវប្បកម្ម ក្នុង១គ្រួសារទទួលបាន កូនត្រី/កូនកង្កែប ១០០០ក្បាល តង់ប្លាស្ទិក ១ផ្ទាំង ចំណី ៨បាវ និងថ្នាំ ៣កញ្ចប់ ។
ភ្ជាប់ជាមួយជំនួយឧបត្ថម្ភជាកូនមាន់ កូនត្រី កូនកង្កែប កូនបន្លែ និងធាតុចូលផ្សេងៗទៀត ដែលបានយកមកចែកជូនកសិករនារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន និងលោកស្រីនាយិកា ធនាគារពិភពលោក បានលើកទឹកចិត្តដល់ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាពិសេសបងប្អូនប្រជាកសិករ ឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម មើលថែទាំសត្វ ត្រី និងដំណាំឲ្យបានល្អ ព្រោះវានឹងផ្តល់ផលជាស្បៀងសម្រាប់ ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យកសិករថា បើមានបញ្ហាទាក់ទងនឹងបច្ចេកទេសចិញ្ចឹម ជំងឺ និងការមើលថែ សូមទាក់ទងទៅមន្រ្តីគម្រោង ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់ ដើម្បីសុំអន្តរាគមន៍ពីមន្រ្តីជំនាញ។ ក្រៅពីការងារចិញ្ចឹម និងដាំដំណាំ ក៏ត្រូវយកចិត្តទុកដាក់អំពីសុខភាព និងការសិក្សារបស់កូនៗ និងចៅៗផងដែរ ជាពិសេសអនាម័យក្នុងការរស់នៅ និងអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង ៣ការពារ។
លោកស្រីនាយិកា ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូដោះស្រាយ និងស្វែងរកថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យស្ថានភាពនៃការឆ្លងរីករាលដាលត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយសកម្មភាពរបស់សង្គម ត្រូវបានបើកឲ្យដំណើរការតាមគន្លង ប្រក្រតីភាពថ្មី បានយ៉ាងល្អប្រសើរ ៕ ដោយ ជា សេឌី