សប្បុរសជន-ក្រុមហ៊ុន ចំនួន ១៤ ឧបត្ថម្ភថវិកាចំនួន ៨១ម៉ឺនដុល្លារ តាមរយៈឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០២២ លើកទី១៥៩
ភ្នំពេញ៖ សប្បុរសជន និងក្រុមហ៊ុនចំនួន១៤ តាមរយៈឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានឧបត្ថម្ភថវិកាចំនួន ៨១០.០០០ដុល្លារ (ប៉ែតសិបមួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។
ពិធីប្រគល់-ទទួល បានធ្វើឡើងនាព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ អាន្នី សុខអាន អនុប្រធានកាក បាទក្រហមកម្ពុជា ដោយមានការចូលរួមពីលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញិកកាកបាទក្រហមកម្ពុជា, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រីឯសប្បុរសជនតំណាងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រត័្ននិមល មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ហ៊ីង សុខលាភ ណុប រត័្ននិមល ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រត័្ននិមល សូមកោតសរសើរ ចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មនានា របស់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ អាន្នី សុខអាន បានយកឱកាសនេះជម្រាបជូនថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺដើម្បីធ្វើឱ្យសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះ ជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។
លោកជំទាវ ក៏បានថ្លែងអំណគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រត័្ននិមល មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ហ៊ីង សុខលាភ ណុប រត័្ននិមល ព្រមទាំងសប្បុរសជន និងក្រុមហ៊ុនចំនួន១៤ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា តាមរយៈឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា សប្បុរសជន និងក្រុមហ៊ុនចំនួន១៤ រួមមាន៖ ១. អ្នកឧកញ៉ា លី សុខថៃ និងលោកជំទាវ (ក្រុមហ៊ុន ដែលខម កម្ពុជា ) ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ។ ២. ក្រុមហ៊ុន យ៉ុង ឡុង អិនធើណេសិនណល ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ។ ៣. ក្រុមហ៊ុន យិះចៀ ធួរីស្សឹម ឌីវេឡុបមេន ខមភេនី ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ។ ៤. ក្រុមហ៊ុន XIN SHAN INDUSTRIAL CAMBODIA Co., Ltd ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ។ ៥. ក្រុមហ៊ុន ខ្សាច់ស ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ។ ៦. ក្រុមហ៊ុន ឡេត ចេង ម៉ាញនិង ឌីវេឡុបម៉ិន ឯ.ក ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ។ ៧. ក្រុមហ៊ុន ជីន សា ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ។ ៨. លោក ពៅ អ៊ីសាង ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ។ ៩. លោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ ១០. លោកជំទាវ ហ៊ីង សុខលាភ ណុប រ័ត្ននិមល ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ ១១. លោកជំទាវឧកញ៉ា យី រដ្ឋា ប៊ុន រ៉ា ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ ១២. លោកជំទាវ ហេង ទាន់ ដួង ហេង ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ ១៣. លោកជំទាវ សេង គីមហេង ហ៊ុយ ថេរ៉ា ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ ១៤. ក្រុមហ៊ុន សៀង ហៃ រីសត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។
សូមជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ខួបទី១៥៩ ប្រារព្ធឡើងក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ៕ ដោយ គ្រី សម្បត្តិ