ថៃ៖ ទំនុកចិត្តឧស្សាហកម្មនៅខ្ពស់ក្នុងពេលពីរឆ្នាំ ខណៈសកម្មភាពងើបឡើងវិញ
បាងកក ៖ ក្រុមឧស្សាហកម្មបានឲ្យដឹង នាថ្ងៃទី៧ មេសា ២០២២នេះថា ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ ក្នុងខែមីនា បានឈានដល់កម្រិតខ្ពស់ ក្នុងរយៈពេល ២៥ខែ ដោយសារតែការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ខណៈដែលការរឹតបន្តឹងនៃ COVID-19 ត្រូវបានបន្ធូរបន្ថយ។
សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា សន្ទស្សន៍នៃការរំពឹងលើឧស្សាហកម្ម ក្រុមខ្លួន បានកើនឡើងដល់ ៨៩.២ ក្នុងខែមីនា ខុសពីការធ្លាក់ចុះដល់ ៨៦.៧ ក្នុងខែកុម្ភៈ។
ប្រធាន FTI លោក Supant Mongkolsuthree បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ស្ថានភាពទូទៅគឺស្ទើរតែធម្មតា ប្រជាជនកំពុងត្រលប់មករកការធ្វើការ និងចំណាយថវិកាកាន់តែច្រើន»។ លោកបានបន្តថា ទោះជាយ៉ាងណា ឧស្សាហកម្មនៅតែមានការព្រួយបារម្ភអំពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឲ្យថាមពល និងសម្ភារៈ ឡើងថ្លៃ។
ក្រុមនេះកំពុងជំរុញឱ្យរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ដ៏សំខាន់ ដែលជាម៉ាស៊ីនរីកចម្រើនដ៏សំខាន់ មុនពេលជំងឺរាតត្បាត ៕ ប្រែសម្រួល៖ សារ៉ាត