ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ស៊ី ជាមួយមេដឹកដឹកនាំរុស្ស៊ី ធ្វើឱ្យប៉ះពាល់ចិន និងនយោបាយក្នុងស្រុក
សម្ព័ន្ធភាពផ្ទាល់ខ្លួនរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរារាំងការទូតចិន ដែលបង្ហាញកាន់តែច្បាស់ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ខណៈដែលមេដឹកនាំទាំង២មានមហិច្ឆតាស្រដៀងគ្នា គឺការបន្តកាន់អំណាចយូរឆ្នាំទៅមុខទៀត។
ទំនាក់ទំនងសម្ព័ន្ធភាពគ្នាបែបនេះ មានហនិភ័យធ្ងន់ធ្ងរសម្រាប់ចិន ដែលព្យាយាមធ្វើខ្លួនឱ្យនៅកណ្ដាលចំពេលមានជម្លោះនៅអ៊ុយក្រែន ដោយមិនថ្កោលទោសរុស្ស៊ី ហើយដើរតួជាអ្នកស្វែងរកសន្តិភាព និងសម្រាប់លោក ស៊ី ចំពោះនយោបាយក្នុងស្រុករបស់ខ្លួន។
ពេលការឈ្លានពានរបស់រុស្ស៊ីទើបតែចាប់ផ្ដើមថ្មីៗ ក្រុងប៉េកាំងហាក់សង្ឃឹមថា កងកម្លាំងរុស្ស៊ីប្រហែលជានឹងអាចគ្រប់គ្រងអ៊ុយក្រែនបានយ៉ាងលឿន។ ខុសពីការរំពឹងទុក យោធារបស់លោកពូទីនមិនត្រឹមតែបរាជ័យក្នុងការគ្រប់គ្រងក្រុងណាមួយរបស់អ៊ុយក្រែនប៉ុណ្ណោះទេ តែរលកនៃការរួបរួមសាមគ្ដីគ្នារវាងបស្ចិមលោក និងសម្ព័ន្ធមិត្ត ដែលចិន និងរុស្ស៊ីមិនចង់ឃើញ ក៏បក់បោកឡើងជាមួយនឹងទណ្ឌកម្មដ៏សណ្ធឹកលើក្រុងម៉ូស្គូ។
អ្នកស្រី Raji Pillai នាយកមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ (ORF) និយាយកាលពីពាក់កណ្ដាលខែមីនាថា បច្ចុប្បន្ននេះអ្វីៗបានផ្លាស់ប្ដូរទាំងស្រុង ដោយរុស្ស៊ីត្រូវការចិនច្រើនជាងពេលណាៗទាំងអស់។ អ្នកស្រីនិយាយថា៖ «ចិនមិនត្រូវការរុស្ស៊ីច្រើនទេ ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា ឬអំណាចនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗ»។
លើសពីនេះ ទោះបីមានដែនកំណត់លើការគាំទ្ររបស់ចិនសម្រាប់រុស្ស៊ីក្ដី អ្នកស្រី Pillai និយាយថា៖ «សង្រ្គាមអាចផ្តល់អំណាចដល់ចិនក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី នៅពេលប្រទេសទាំង២កាន់តែខ្លាំងៗទៅៗ»។
ខុសពីការយល់ឃើញរបស់អ្នកស្រី Pillai លោក Katsuji Nakazawa អ្នកនិពន្ធវិចារណកថាជាន់ខ្ពស់នៃកាសែតជប៉ុន Nikkei សរសេរក្នុងអត្ថបទវិភាគមួយរបស់ខ្លួនថា ចិននាពេលនេះកំពុងតែមើលខ្លួនឯងថាកំពុងជាប់ផុងជាមួយរុស្ស៊ី ក្រោយសង្រ្គាមផ្ទុះឡើង ហើយព្យាយាមផ្សះផ្សាជាមួយបស្ចិមលោកមួយចំនួន ខណៈទប់ៗទំនាក់ទំនងស្អិតរមួតជាមួយក្រុងម៉ូស្គូ។
ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃទី ០១ ខែ មេសា លោក ស៊ី ស្នើឱ្យប្លុកប្រកាន់យកគោលនយោបាយឯករាជ្យចិនសម្រាប់ទំនាក់ទំនងទ្វេភាគី និងបង្កើតការយល់ឃើញផ្ទាល់ខ្លួនចំពោះចិន ខណៈដែលមើលឃើញពីភាពត្រូវគ្នាកាន់តែខ្លាំងឡើងរបស់សហភាព និងសហរដ្ឋអាមេរិកចំពោះការប្រឆាំងនឹងរុស្ស៊ី។
ផ្ទុយទៅវិញ ស្របពេលដែលលោក ស៊ី ពណ៌នាស្ថានភាពនៅអ៊ុយក្រែនថា «គួរឱ្យសោកស្ដាយយ៉ាងខ្លាំង» ហើយថាចិនកំពុងគាំទ្រកិច្ចចរចាសន្តិភាពតាមរបៀបរបស់ខ្លួននោះ សហភាពអឺរ៉ុបបែរជាព្រមានអំពីផលវិបាក ប្រសិនបើក្រុងប៉េកាំងគាំទ្រទីក្រុងម៉ូស្គូគេចចេញពីទណ្ឌកម្មទៅវិញ ថែមទាំងជំរុញកុំឱ្យចិនផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ី។
ដោយឡែកបញ្ហានយោបាយក្នុងស្រុក ក៏ជារឿងមួយដែលត្រូវគិតគូរមួយដែរសម្រាប់មេដឹកនាំចិន។ ក្រោយសង្រ្គាមអ៊ុយក្រែនចាប់ផ្ដើមជាង១ខែកន្លះ លោក ស៊ី នាពេលនេះកំពុងមានការព្រួយបារម្ភអំពី «ផលប៉ះពាល់តិចតួចដែល[សង្រ្គាម]អាចមានលើនយោបាយក្នុងស្រុករបស់ចិន»។ នេះបើតាមការសរសេររបស់លោក Nakazawa ដែលស្រង់សម្ដីពីប្រភពមន្រ្តីនយោបាយចិន ដែលសុំនិយាយដោយមិនបញ្ចេញឈ្មោះ។
លោក ស៊ី និងលោក ពូទីន មានគោលដៅកាន់អំណាចយូរឆ្នាំទៅមុខទៀត ក្រោយបង្កើតសត្រូវជុំទិស ប៉ុន្តែប្រហែលជាត្រូវការការពារទូកជិះដើម្បីទៅដល់គោលដៅរៀងៗខ្លួន ខណៈអ្នកវិភាគមើលឃើញថា សេណារីយ៉ូអាក្រក់សម្រាប់លោក ស៊ី គឺការបរាជ័យរបស់លោកពូទីន ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់លោក ស៊ី មុនសមាជជាតិរបស់បក្សកុម្មុយនិស្តចិន។
សម្រាប់លោក ស៊ី ដើម្បីខ្លួនអាចបន្តកាន់តំណែងជាប្រមុខរដ្ឋអស់មួយជីវិត លោកចាំបាច់ត្រូវជ្រើសរើសជាអគ្គលេខាធិការបក្សឡើងវិញរៀងរាល់៥ឆ្នាំម្តង ហើយមហិច្ឆតាអាណត្តិទី៣នៅឆ្នាំនេះ គឺជាជំហានដំបូងឆ្ពោះទៅរករជ្ជកាលយូរអង្វែងរបស់លោក។ រុស្ស៊ីឯណោះវិញ លោកពូទីនបានកែសម្រួលរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ២០២០ ដោយដើរតាមគន្លងរបស់លោក ស៊ី និងត្រួសត្រាយផ្លូវសម្រាប់ខ្លួនឱ្យបន្តកាន់តំណែងរហូតដល់ឆ្នាំ ២០៣៦ ។
បើការធ្វើសង្រ្គាមនៅអ៊ុយក្រែនបរាជ័យ ការប្រឹងប្រែងចាក់គ្រឺះដើម្បីកាន់អំណាចទៅមុខរាប់ឆ្នាំទៀតរបស់លោក ស៊ី នឹងរងការប៉ះពាល់ រាល់ទាំងទំនុកចិត្តពីអ្នកនយោបាយក្នុងស្រុករបស់លោក ក្នុងនាមជាសម្ព័ន្ធមិត្តរបស់លោក ពូទីន ក្រោយទំនាក់ទំនង «គ្មានដែនកំណត់»ដ៏ជិតស្និទ្ធ។
ប៉ុន្តែ ការមិនដឹងពីផែនការទាំងមូលរបស់លោក ពូទីន ក៏មានភាពគ្រោះថ្នាក់ខ្លាំងសម្រាប់ចិនក្នុងការប្រកាន់ជំហរច្បាស់លាស់។ តាមសេចក្តីថ្លែងការណ៍រួមរបស់លោក ស៊ី-ពូទីន កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ដែលមេដឹកនាំទាំង២បញ្ជាក់ពីការប្រឆាំងចំពោះការពង្រីកបន្ថែមរបស់អង្គការណាតូ ចិនមិនអាចចូលខាងអ៊ុយក្រែនទាំងស្រុងបានទេ។
ចិនព្យាយាមធ្វើឱ្យខ្លួនមើលទៅជាអ្នកស្វែងរកសន្តិភាព នៅពេលឃើញការជាប់ផុងជាមួយរុស្ស៊ី។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នាពេលថ្មីៗនេះ លោក Wang និយាយថា៖ «វាគឺជាប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ចិន ក៏ដូចជាគោលនយោបាយការបរទេសជាប់លាប់របស់យើង ដើម្បីការពារសន្តិភាព និងប្រឆាំងសង្រ្គាម»។
លោក Wang បាននិយាយយ៉ាងប្រុងប្រយ័ត្ននូវការលើកឡើងណាមួយដែលរុស្ស៊ីអាចចាត់ទុកជាសម្ពាធមិនសមហេតុផលពីចិន ស្របពេលដែលបស្ចិមលោកថ្កោលទោសរុស្ស៊ីចំពោះអ្វីដែលខ្លួនហៅថា «ឧក្រិដ្ឋកម្មសង្រ្គាម» លើរបាយការណ៍សម្លាប់ជនស៊ីវិលពីកងកម្លាំងរុស្ស៊ី។
លោក Nakazawa និយាយថា៖ «លោក ស៊ី ត្រូវការលោកពូទីនដើម្បីរស់ ហើយមានហានិភ័យដែលថាប្រសិនបើសមមិត្តរុស្ស៊ីដួល លោក ស៊ី អាចដួលជាមួយ។ ការរស់រានមានជីវិតរបស់ពូទីន គឺមានសារៈសំខាន់សម្រាប់លោក ស៊ី ប៉ុន្តែមិនចាំបាច់សម្រាប់ប្រទេសចិននោះទេ»។
យ៉ាងណាមិញ អ្នកវិភាគមួយចំនួននិយាយថា ទោះបីជាមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោកពូទីនក៏ដោយ លោក ស៊ី នឹងធ្វើសកម្មភាពតាមអ្វីដែលល្អបំផុតសម្រាប់ចិន។
លោក Ryan Hass មន្ត្រីជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវ Brookings និយាយថា ខណៈដែលរុស្ស៊ីនៅតែជាដៃគូសំខាន់ «ប្រឈមមុខនឹងអរិភាពជាមួយលោកខាងលិច» សង្គ្រាមអ៊ុយក្រែនមិនមែនជាផ្នែកនៃ «ផែនការយុទ្ធសាស្រ្តរបស់ចិនសម្រាប់ឆ្នាំ ២០២២» នោះទេ។ លោក Hass បន្តថា មេដឹកនាំកំពូលចិន ដឹងពីផលប្រយោជន៍រយៈពេលវែងរបស់ចិន ថាមិនត្រូវគ្នានឹងរុស្ស៊ីទេ។
ប្រភព៖ Nikkie Asia