ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូ ស៊ីឌីអាយទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តោះអាសន្នទទួលជនភៀសខ្លួនមកពីអ៊ុយក្រែន នៅទីក្រុងប៊ុយដាប៊ែស
ភ្នំពេញៈ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិឬ ស៊ីឌីអាយ (CDI) និងប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាបានដឹកនាំគណៈប្រតិភូស៊ីឌីអាយមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ចូលរួមជាមួយបណ្តាគណៈប្រតិភូសង្កេតការណ៍មកពីប្រទេសផ្សេងៗជាច្រើនទៀត ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តោះអាសន្នទទួលជនភៀសខ្លួនមកពីអ៊ុយក្រែន នៅទីក្រុងប៊ុយដាប៊ែស ឆ្លៀតក្នុងឱកាសដែលឯកឧត្តមចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហុងគ្រី និងប្រជាមតិហុងគ្រីឆ្នាំ២០២២ ពីថ្ងៃទី១-៤ ខែមេសា ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យមើលស្ថានភាពជនភៀសខ្លួនដែលបានឆ្លងកាត់ចូលទឹកដីហុងគ្រី ពីអ៊ុយក្រែន និងប្រទេសទីបី ដោយសារវិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។ មកដល់ពេលនេះ ហុងគ្រីទទួលបានជនភៀសខ្លួនមកពីអ៊ុយក្រែនប្រមាណ ៦០០,០០០នាក់ នៅតាមបណ្តាមជ្ឈមណ្ឌលជនភៀសខ្លួននៅទូទាំងប្រទេស ក្នុងចំណោមជនភៀសខ្លួនសរុបប្រមាណ ៤,០០០,០០០នាក់ ដែលនេះជាផ្នែកមួយនៃវិបត្តិមនុស្សធម៌របស់មនុស្សជាតិដ៏ធ្ងន់ធ្ងរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Alexandra Szentkiraliy អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រីបានបញ្ជាក់ថា ហុងគ្រីឱ្យតម្លៃខ្ពស់លើផ្នែកមនុស្សធម៌ និងយកចិត្តទុកដាក់ខ្លាំងចំពោះសិទ្ធិការពារ និងថែទាំជនភៀសខ្លួន។ តាមការលើកឡើងរបស់លោកស្រីមជ្ឈមណ្ឌល ផ្តល់ជាមធ្យោបាយធ្វើដំណើរមកមជ្ឈមណ្ឌលតាមរថភ្លើងពិសេស កន្លែងស្នាក់ ការហូបចុក និងសម្ភារៈប្រើប្រាស់ចាំបាច់នានា សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន មុនបន្តដំណើរទៅបណ្តាប្រទេសជិតខាងផ្សេងទៀតៗ ដោយមានការសម្របសម្រួលពីអង្គការសង្គមស៊ីវិល និងក្រុមអ្នកស្ម័គ្រចិត្ត៕ ដោយៈ ពលជ័យ