រុស្ស៊ីគំរាមបង្កផលវិបាកសម្រាប់ប្រទេសដែលបោះឆ្នោតគាំទ្រព្យួរអាសនៈរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធមនុស្ស UN
រុស្ស៊ីបានព្រមានបណ្ដាប្រទេសនៅអង្គការសហប្រជាជាតិថាការបោះឆ្នោតគាំទ្រ ឬអនុបវាទលើសំណើរបស់សហរដ្ឋអាមេរិកដើម្បីព្យួរអាសនៈរបស់ក្រុងមូស្គូនៅក្រុមប្រឹក្សាសិទ្ធមនុស្ស នឹងត្រូវចាត់ទុកជា «កាយវិការអរិភាព» ដែលនឹងបង្កផលវិបាកដល់ទំនាក់ទំនងទ្វេភាគី នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuter ដែលបានឃើញលិខិតមួយចែកចាយដោយរុស្ស៊ីកាលពីថ្ងៃពុធ ទី៦ មេសា។
កាលពីថ្ងៃចន្ទសប្ដាហ៍នេះប្រកាសថាខ្លួននឹងនាំមុខកិច្ចខិតខំប្រឹងប្រែងព្យួរអាសនៈរបស់រុស្ស៊ីនៅក្រុមប្រឹក្សានេះបន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់កងយោធាបានសម្លាប់រង្គាលជនស៊ីវិលរាប់រាយនាក់នៅជិតរដ្ឋធានីគៀវ។
ប្រទេសជាសមាជិកទាំង ១៩៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិគ្រោងបោះឆ្នោតលើសំណើរបស់សហរដ្ឋអាមេរិក។ គេត្រូវការសំឡេងភាគច្រើន ២ ភាគ ៣ ដើម្បីព្យួរអាសនៈប្រទេសណាមួយពីក្រុមប្រឹក្សាសិទ្ធមនុស្សនៅក្រុងហ្សឺណែវ ជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ ឬជាប្រព័ន្ធ។
បេសកកម្មការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានជំរុញប្រទេសនានា «និយាយប្រឆាំងនឹងសេចក្ដីសម្រេចប្រឆាំងនឹងរុស្ស៊ី»។ លិខិតនេះសរសេរថា «វាមានតម្លៃក្នុងការនិយាយថាមិនត្រឹមតែការគាំទ្រចំពោះសំណើបែបនេះប៉ុណ្ណោះទេ ប៉ុន្តែជំហរស្មើគ្នាក្នុងការបោះឆ្នោត (អនុបវាទ ឬអវត្តមាន) ក៏ត្រូវបានចាត់ទុកជាកាយវិការអរិភាពផងដែរ។
បន្ថែមពីលើនេះពួកគេសរសេរថាជំហររបស់ប្រទេសនីមួយៗ «នឹងត្រូវយកមកពិចារណាក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី»
បេសកកម្មការទូតបានបដិសេធធ្វើការអត្ថាធិប្បាយ ដោយសារលិខិតនេះគឺមិនមែនជារឿងសាធារណទេ។ រុស្ស៊ីគឺកំពុងនៅឆ្នាំទីពីរនៃអាណត្តិបីឆ្នាំរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធមនុស្ស៕
ប្រភព៖ Reuters