រុស្ស៊ីថានឹងយកប្រាក់រូបបង់ឱ្យម្ចាស់មូលបត្របំណុល ចំពេលមានការភ័យខ្លាចថានឹងគ្មានលទ្ធភាពសងបំណុល
រុស្ស៊ី ដែលកាន់តែជិតក្លាយជារដ្ឋគ្មានលទ្ធភាពសងបំណុលអន្តរជាតិ និយាយថាខ្លួននឹងយកប្រាក់រូបបង់ឱ្យម្ចាស់មូលបត្របំណុលអន្តរជាតិដែលត្រូវសងជាប្រាក់ដុល្លារ ដោយលើកហេតុផលថា ទុនបម្រុងទុកបរទេសរបស់ខ្លួនត្រូវបានបង្កកដោយទណ្ឌកម្ម។
ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានបញ្ឈប់រុស្ស៊ីពីការសងប្រាក់ម្ចាស់បំណុលជាង ៦៤០ លានដុល្លារដោយប្រើប្រាស់គណនីនៅធនាគារអាមេរិក ដោយនិយាយថា ក្រុងម៉ូស្គូត្រូវជ្រើសរើសរវាងការដកប្រាក់ដុល្លារបម្រុងទុកក្នុងស្រុកដែលខ្លួនមាន និងការគ្មានលទ្ធភាពសងបំណុលអន្តរជាតិ ដែលមិនធ្លាប់មានតាំងពីមួយសតវត្សរ៍មុន។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ីនិយាយកាលពីថ្ងៃពុធថា ខ្លួននឹងត្រូវបង់លុយរូបទៅឱ្យអ្នកកាន់មូលបត្របំណុលប្រាក់អឺរ៉ូដែលអាចបង់ជាប្រាក់ដុល្លារដល់កំណត់ឆ្នាំ ២០២២ និងឆ្នាំ ២០៤២ ដោយសារការបិទរបស់សហរដ្ឋអាមេរិកនេះ ព្រោះធនាគារបរទេសបដិសេធមិនដំណើរការបញ្ជាឱ្យបង់ប្រាក់ចំនួន ៦៤៩ លានដុល្លារដល់ម្ចាស់បំណុលរដ្ឋរបស់ខ្លួន។
ក្រសួងនិយាយថា ធនាគារបរទេសដែលខ្លួនមិនបញ្ចេញឈ្មោះ ច្រានចោលការបញ្ជារបស់រុស្ស៊ីក្នុងការទូទាត់គូប៉ុងលើមូលបត្របំណុលទាំង២ ហើយក៏មិនដំណើរការការទូទាត់ប្រាក់អឺរ៉ូដែលផុតកំណត់នៅឆ្នាំ ២០២២ ដែរ។
ទណ្ឌកម្មអន្តរជាតិឆ្លើយតបនឹងការលុកលុយអ៊ុយក្រែន បានបង្កកប្រាក់ប្រហែលពាក់កណ្ដាលនៃទុនបម្រុងទុកបរទេសជាង ៦៤០ ប៊ីលានរបស់រុស្ស៊ី។ ហើយទោះបីរុស្ស៊ីនៅតែអាចរកចំណូលបានរាប់ពាន់លានដុល្លារ ពីការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិក្ដី ទណ្ឌកម្មធ្វើឱ្យប្រទេសនេះកាន់តែខិតជិតក្លាយទៅជារដ្ឋគ្មានលទ្ធភាពសងបំណុល ប្រសិនបើមិនសងក្នុងរយៈពេលអនុគ្រោះ ៣០ ថ្ងៃដែលរាប់ចាប់ពីថ្ងៃចន្ទទេ។
ប្រភព៖ Reuters