ហុងគ្រី​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​ត្រៀម​ទូទាត់ជា​​ប្រាក់​​រូបសម្រាប់​​ការ​នាំ​ចូល​​​ហ្គាសពី​​​រុស្ស៊ី​​​​

ហុងគ្រី​​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​​​​ត្រៀម​ធ្វើ​ការ​ទូទាត់​ជា​ប្រាក់​​រូប​សម្រាប់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​(ហ្គាស)​ពី​រុស្ស៊ី​តាមកា​រ​ទាមទារ​របស់​ក្រុង​ម៉ូស្គូ ​ផ្ទុយ​ទៅ​នឹង​ជំហរ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​ប្រឆាំង​នឹង​ការ​ចង់​បាន​នេះ​។​ ​

លោក​នាយក​រដ្ឋ​មន្រ្តី​ Viktor Orban ​ដែល​ទើប​ជាប់​ឆ្នោត​អាណត្តិ​ទី​៤កាលពី​សប្ដាហ៍​មុន​​នេះ​​ និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​​ថា​ ​ហុង​គ្រី​នឹង​ចំណាយ​លើ​ការ​នាំចូល​ហ្គាស​ជា​ប្រាក់​រូប​ តាម​ការ​ស្នើ​របស់​រុស្ស៊ី​។​

ការ​ប្រកាស​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ ពូទីន ​​ព្រមាន​អឺរ៉ុប​ពី​ការ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ហ្គាស​ ប្រសិន​បើ​មិន​ទូទាត់​ការ​ចំណាយ​ជា​ប្រាក់​រូប​ ដែល​ជា​ការ​សង​សឹក​មួយ​របស់​ក្រុង​ម៉ូស្គូ​ទៅនឹ​ង​ទណ្ឌកម្ម​របស់​បស្ចិម​លោក​ ដែល​ខ្លួន​ហៅ​ថា​អមិត្ត​។​ ​

ការ​ត្រៀម​លក្ខណៈ​របស់​ហុងគ្រី​តាម​សម្ដី​របស់​លោក ​Orban ​ខុស​ពី​ជំហរ​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​និយាយ​ថា​ អ្នក​ដែល​មាន​កិច្ច​សន្យា​​ទូទាត់​ជា​ប្រាក់​អឺរ៉ូ​ ឬ​ដុល្លារ​ គួរ​តែ​ប្រកាន់​ខ្ជាប់​តាម​កិច្ច​សន្យា ​ហើយ​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​របស់​រុស្ស៊ី ​ទោះ​បី​ជិត​ដល់​កំណត់​ត្រូវ​ទូទាត់​ក្ដី​។​ ​

យ៉ាង​ណា​មិញ​ រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី​ លោក ​Peter Szijjarto ​​និយាយ​​​ថា ​អាជ្ញាធរ​សហភាព​អឺរ៉ុប​ «​គ្មាន​តួនាទី​»​ ក្នុង​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ហ្គា​សរបស់​ខ្លួន​ជាមួយ​រុស្ស៊ី​ ដែល​ផ្អែក​លើ​កិច្ច​សន្យា​ទ្វេភាគីរ​វាង​ក្រុម​ហ៊ុន​រដ្ឋ​ហុងគ្រី​ MVM ​​និង​ក្រុម​ហ៊ុន​រុស្ស៊ី​ Gazprom ​នោះ​ឡើយ​។​​

ហុងគ្រី​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ដែល​​ច្រាន​ចោល​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ថាមពល​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​​អ៊ុយក្រែន ​ខណៈ​​លោក​ Orban ​ដែល​ស្និទ្ធ​នឹង​រុស្ស៊ី​​ សន្យា​​ការ​ពារ​សន្តិសុខ​នៃ​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​សម្រាប់​ប្រទេស​របស់​ខ្លួន​។​

ប្រទេស​​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ថាមពល​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​រប​ស់​រុស្ស៊ីនេះ​​ បា​ន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​រយៈពេ​ល​វែង​ថ្មី​កាល​ពី​ឆ្នាំ​មុន​ ដែល​ក្រុម​ហ៊ុន​ Gazprom ​​នឹង​ត្រូវ​ដឹក​ជញ្ជូន​ឧស្ម័ន​ ៤,៥ ​ប៊ីលាន​ម៉ែត្រ​គូប​ជា​រៀង​រាល់​ឆ្នាំ​តាម​ការ​រំពឹង​ទុក​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner