អឺរ៉ុប​បណ្ដេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី​ជាង​ ២០០ នាក់​ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ជា​ភ្នាក់ងារ​ចារកម្ម​

ក្នុង​រយៈ​ពេល​ត្រឹម​ ៤៨ ម៉ោង​ប៉ុណ្ណោះ​ មន្ត្រី​ការទូត​រុស្ស៊ី​ជាង​ ២០០ នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។ ជា​ផ្លូវ​ការ​មន្ត្រី​ការទូត​ទាំង​នេះ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​ក្នុង​សកម្មភាព​ចារកម្ម​ ប៉ុន្តែ​គេ​យល់​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ការ​បណ្ដេញ​ចេញ​ទាំង​នេះ​គឺ​ជា​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា​កងយោធា​រុស្ស៊ី​បាន​សម្លាប់​រង្គាល​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​ជិត​រដ្ឋធានី​គៀវ​ របស់​អ៊ុយក្រែន​។

ក្នុង​ការ​បែកបាក់​ការទូត​ធំ​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ មន្ត្រី​ការទូត និង​បុគ្គលិក​ស្ថានទូត​រុស្ស៊ី​ ២០៦ នាក់​បាន​ទទួល​ដំណឹង​ថា​ពួកគេ​មិន​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​រស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​ប្រទេស​ដទៃ​ទៀត​។ នេះ​គឺ​បន្ថែម​ពី​លើ​មន្ត្រី​ការទូត​ជាង​ ១០០ នាក់​ដទៃ​ទៀត​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ ២៤ កុម្ភៈ​ ធ្វើ​ឱ្យ​តួលេខ​សរុប​កើន​ដល់ ៣២៥ ដោយ​រំពឹង​ថា​នឹង​មាន​ការ​បណ្ដេញ​បន្ថែម​ទៀត​។

ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចំនួន​ ៤០ រូប​ ដោយ​អះអាង​ថា​ពួកគេ​គំរាមកំហែង​ដល់​ជនជាតិ​អ៊ុយក្រែន​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​។ ប្រភព​ចារកម្ម​អាល្លឺម៉ង​បាន​អះអាង​ថា​រុស្ស៊ី​មាន​ភ្នាក់ងារ​ចារកម្ម​យ៉ាង​ហោច​ណាស់​ ២០០០ នាក់​ក្នុង​ប្រទេស​អាល្លឺម៉ង់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ប្រទេស​បារាំង​បាន​បើក​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​លើ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​រួមមាន​ករណី​សម្លាប់​អ្នក​សារព័ត៌មាន​បារាំង​លោក​ព្យែរ ហ្សាក់សេហ្វស្គី​នៅ​ជាយ​ក្រុង​គៀវ​កាល​ពី​ខែ​មុន​៕

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner