អ្នកនាំពាក្យ គ.ជ.ប ៖ រាជរដ្ឋាភិបាលចំណាយទាំងស្រុងលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយគ្មានការជួយឧបត្ថម្ភថវិកាពីភាគីពាក់ព័ន្ធណាទេ
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម សោម សូរីដា បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី៧ ខែមេសានេះថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទោះបីស្ថិតក្នុងបរិបទនៃការឆ្លងជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែមានឆន្ទៈនៅក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ នេះ ដោយគ្មានការលើកពេលនោះទេ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងធ្វើឡើងជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានធានាទៅលើការចំណាយទាំងស្រុងសម្រាប់ដំណើរការបោះឆ្នោតនេះ ដោយគ្មានការជួយឧបត្ថម្ភថវិកាពីភាគីពាក់ព័ន្ធណាទេ។ ដែលនេះបង្ហាញអំពីសមត្ថភាព និងលទ្ធភាពរបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតនេះ។
ឯកឧត្តម សោម សូរីដា បានបន្តថា ថ្វីត្បិតតែរាជរដ្ឋាភិបាលធានាចំណាយទាំងស្រុងទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏មានការជួយឧត្តម្ភគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ គឺតាមរយៈភ្នាក់ងារចៃកា( jica) របស់ជប៉ុន បានផ្តល់មកឲ្យគ.ជ.ប នៅអ្នកជំនាញការដែលនឹងជួយកម្ពុជាក្នុងការងារអប់រំអ្នកបោះឆ្នោត ហើយកិច្ចនេះកំពុងតែដំណើរការរលូនល្អ ហើយលទ្ធផល សកម្មភាព និងអនុវត្តនៅពេលខាងមុខ គឺជាការបញ្ជ្រាបការយប់ដឹងអំពីការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ពិសេសគឺការបញ្ជ្រាបការយល់ដឹងនៅក្នុងគ្រឹះស្ថានសិក្សា។ ហើយគ.ជ.ប ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្តម ហង្ស ពុទ្ធា ក្នុងកិច្ចការបញ្ជ្រាបការយល់ដឹង ដូចដែលបានធ្វើកន្លងមកសម្រាប់ឆ្នាំ២០១៧-២០១៨ កន្លងមក។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ដោយសាររាជរដ្ឋាភិបាលមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ គឺថវិកាចំណាយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺរាជរដ្ឋាភិបាលធានាទាំងស្រុង នេះបង្ហាញអំពីលទ្ធភាពរបស់ប្រទេសយើង ដែលមានសន្តិភាព ហើយមានការអភិវឌ្ឍ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រទេសជាតិ ពិសេសកំណើនសេដ្ឋកិច្ចកំពុងតែមានវិវត្តយ៉ាងល្អ”។
ចំពោះសមត្ថភាព និងធនធានរបស់គ.ជ.ប ត្រូវបានឯកឧត្តម សោម សូរីដា អះអាងថា ពាក់ព័ន្ធទៅនឹងសមត្ថភាពបំពេញការងារ និងសមត្ថភាពធនធានមនុស្សរបស់ គ.ជ. ប រួមទាំងលក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌគតិយុត្តិផ្សេងៗ ដែលគ.ជ.ប មានហើយនឹងត្រៀមដើម្បីអនុវត្តសម្រាប់នៅពេលខាងមុខនេះ គឺមានលក្ខណៈល្អប្រសើរ។ពិសេសឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជិត ២០ដង កន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ១៩៩៨ ដែលគ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងបទពិសោធន៍ទាំងការងារគ្រប់គ្រងស្ថាប័ន និងការងារផ្សេងៗទៀត ទាក់ទងទៅនិងយន្តការ នៃដំណើរការរៀបចំការបោះឆ្នោត គឺមានលក្ខណៈល្អប្រសើរ ហើយទទួលការសាទរ និងស្វាគមន៍ភាគច្រើនពីមតិជាតិ និងអន្តរជាតិ។ ចំណុចនេះហើយដែលសហគមន៍អន្តរជាតិអាចមើលឃើញ ហើយជឿទុកចិត្តទៅលើសមត្ថភាពដឹកនាំការងាររបស់គ.ជ.ប បាន ទើបអាចធ្វើការវាយតម្លៃបានថា ដោយសារកត្តានេះហើយ ក៏ជាកត្តាមួយដែលធ្វើឲ្យសហគមន៍អន្តរជាតិកាត់បន្ថយការជួយឧបត្ថម្ភគាំទ្រទាំងថវិកា ទាំងអ្នកជំនាញការផ្សេងៗ ទាក់ទងនិងការបោះឆ្នោតនេះ។
ឯកឧត្តមបានបន្តទៀតថា អ្វីដែលកំពុងតែធ្វើនេះ គឺកំពុងតែវិវត្តស្ថាប័នគ.ជ.ប ជាស្ថាប័នដែលមានវិជ្ជាជីវៈការងារបោះឆ្នោត។ ហើយការងារដែលគ.ជ.ប ខិតខំអនុវត្តនេះ ក៏ជាកិច្ចការមួយដែលឆ្លើយតបទៅនិងបរិបទការរីកចំរើន នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យាផងដែរ។ ដោយសារកិច្ចការខ្លះបានប្តូរពីការអនុវត្តដោយដៃមកជាការអនុវត្តដោយប្រព័ន្ធកុំព្យូទ័រ ដូចជា ការចុះឈ្មោះបោះឆ្នោត ការត្រួតពិនិត្យការចុះបញ្ជីបេក្ខជនគណបក្សនយោបាយដែលប្រើកម្មវិធីកំព្យូទ័រក្នុងការត្រួតពិនិត្យជាទូទៅទៅលើលក្ខខណ្ឌបេក្ខជន។នៅថ្ងៃបោះឆ្នោត គ.ជ.ប ក៏មានកម្មវិធីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បូកសរុបលទ្ធផលនៃការបោះឆ្នោត ដែលជាកម្មវិធីមួយដែលជួយសម្រួល និងបង្កើនល្បឿននៃការបូកសរុបលទ្ធផលនៃការបោះឆ្នោតពីគ្រប់ការិយាល័យបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ មើលឃើញចំណុចនេះ ការវិវត្តដ៏ល្អនេះ វាអាចជាកត្តាមួយដែលធ្វើឲ្យប្រទេសអ្នកផ្តល់ជំនួយជឿទុកចិត្តមកគ.ជ.ប ដែលថា ស្ថាប័នគ.ជ.ប គឺមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាត់ចែងរៀបចំការបោះឆ្នោត ដោយខ្លួនឯងបានដោយមិនចាំបាច់មានជំនួយពីក្រៅប្រទេស៕
ដោយៈ ពលជ័យ