រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវ ១១ចំណុចដល់អ្នកប្រើប្រាស់ផ្លូវ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវការអំពាវនាវ ក៏ដូចជាការណែនាំចំនួន ១១ចំណុច ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ព្រមជាមួយនឹងវិធានការសុខាភិបាលផ្សេងៗ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមវិធានការដូចខាងក្រោម៖
*ទី១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា *ទី២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត *ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត *ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច *ទី៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត *ទី៦៖ មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង *ទី៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។ *ទី៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ *ទី៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត *ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ *ទី១១៖ សូមប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។
ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ និងបន្តជារៀងរហូតទៅ៕ដោយ-រ៉ាវុធ