ជនជាតិចិនប្រុសស្រី ២នាក់ ជាប់គុកក្នុងម្នាក់ ៣០ឆ្នាំ ពាក់ព័ន្ធការរក្សាទុក និងជួញដូរគ្រឿងញៀន ជិត ១០គីឡូក្រាម
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទជនជាតិចិនប្រុស្រីចំនួន ២នាក់ ដាក់ពន្ធនាគារ ដោយកំណត់ក្នុងម្នាក់ៗ ៣០ឆ្នាំ និងពិនិយជាប្រាក់ក្នុងម្នាក់ៗ ចំនួន ៨០លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការផលិតរក្សាទុក និងជួញដូរគ្រឿងញៀន ជិត ១០គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ អំឡុង ឆ្នាំ២០២១។
លោក សុង ប៊ុណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ ២នាក់ ខាងលើនេះមានឈ្មោះ ទី១-ឈ្មោះ YE YU SONG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន និងទី២- ឈ្មោះ លីង វេ (LIN WEI) ភេទស្រីអាយុ ៣៦ឆ្នាំ ជនជាតិចិន។ ពួកគេ ទាំង២នាក់ គឺត្រូវជាប្រពន្ធនឹងគ្នា ត្រូវបានជាប់ចោទពីបទ: ផលិតរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ និង ៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួរំលឹកផងដែរថា ពួកគេទាំង ២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្រាប់វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១គីឡូទម្ងន់ ០៨៥,៣៥ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ៦គីឡូ ទម្ងន់ ៥៤៦,៦៥ក្រាម គ្រឿងញៀន អំហ្វេតាមីន ៦០៨,៣៣ក្រាម គ្រឿងញៀន កេតាមីន (Ketamine) ២២៨,៨៩ក្រាម និងគ្រឿងញៀន នីមេតាហ្សេប៉ាម (Nimetazepam) ១គីឡូ ទម្ងន់ ៥០៣,៨៨ក្រាម ដែលសរុប គឺទម្ងន់ ៩គីឡូ ៩៧៣,១០ក្រាម៕ ដោយ ឆៃហួត