លោក ហ្សេលេនស្គី ស្នើសុំជំនួយយោធាបន្ថែមពីសហភាពអឺរ៉ុប
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក ហ្សេលេនស្គី បានធ្វើការអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធើណិតទៅកាន់សភាក្រិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ហ្សេលេនស្គី បាននិយាយថា វិមានក្រឹមឡាំងបាននិរទេសជនជាតិអ៊ុយក្រែនយ៉ាងតិចរាប់ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី និងបានកាន់កាប់ទឹកដីអ៊ុយក្រែនជាបណ្តោះអាសន្ន។ លោកបន្តថា ពួកគេ (ប្រជាជនអ៊ុយក្រែន) ជាអ្នករស់នៅក្នុងទីក្រុងម៉ារីយូប៉ូល និងតំបន់ផ្សេងទៀតនៃភាគខាងត្បូងអ៊ុយក្រែន ដែលបានរងការវាយប្រហារ។
លោក ហ្សេលេនស្គី បន្ថែមថា រុស្ស៊ីត្រូវបានគេជឿជាក់ថា នឹងមិនទទួលទោសចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែននោះទេ ដោយលោកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី។
ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ហើយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារអាកាស, គ្រឿងបរិក្ខាកាំភ្លើងធំ, គ្រាប់ផ្លោង, រថពាសដែក និងឧបករណ៍ផ្សេងទៀត ដោយលោកបានអះអាងថា បើកាលណាអ៊ុយក្រែនឆាប់ទទួលបានជំនួយ នោះជីវិតកាន់តែច្រើននឹងត្រូវបានជួយសង្គ្រោះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា