អង្គការណាតូ និងមេដឹកនាំ G7 កំពុងស្វែងរកវិធានការថ្មី ដើម្បីការពារអ៊ុយក្រែន

ព្រុចសែល៖ ក្រុមរដ្ឋមន្ត្រីការបរទេសណាតូកំពុងព្យាយាមស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីជួយប្រជាជនអ៊ុយក្រែនការពារខ្លួន ខណៈពួកគេបានអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនឱ្យចូលរួមកិច្ចពិភាក្សារបស់ខ្លួននៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ បាននិយាយយ៉ាងដូច្នេះថា យើងបានព្រមព្រៀងថា យើងត្រូវតែពង្រឹង និងផ្តល់ការគាំទ្របន្ថែមទៀតរបស់យើងចំពោះអ៊ុយក្រែន ដើម្បីឱ្យទីក្រុងកៀវទទួលជ័យជំនះក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា បាននិយាយថា ប្រជាជនអ៊ុយក្រែននឹងប្រើប្រាស់ជំនួយសម្រាប់ការប្រយុទ្ធ មិនត្រឹមតែដើម្បីសន្តិសុខរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្ព័ន្ធមិត្តផងដែរ។

ដោយឡែក មេដឹកនាំ G7 បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មមួយទៀតលើរុស្ស៊ី ដោយពួកគេនឹងហាមឃាត់ការវិនិយោគថ្មីៗនៅក្នុងផ្នែកខ្លះនៃសេដ្ឋកិច្ចរុស្ស៊ី រួមទាំងវិស័យថាមពលផងដែរ។

បន្ថែមលើនេះ មេដឹកនាំ G7 បានឯកភាពគ្នាកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ីបន្ថែមទៀតសម្រាប់វិស័យថាមពល ខណៈពេលដែលផ្អាក និងហាមឃាត់ការនាំចូលធ្យូងថ្ម។ ជាងនេះទៅទៀតនោះ ពួកគេក៏នឹងជំរុញឱ្យឈានទៅមុខដើម្បីដាក់ទណ្ឌកម្មពួកឥស្សរជនរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner