វិមានក្រឹមឡាំងសង្ឃឹមថា ប្រតិបត្តិការយោធា នៅអ៊ុយក្រែននឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េកូវ បានប្រាប់ទូរទស្សន៍ Sky News នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងម៉ូស្គូសង្ឃឹមថា ប្រតិបត្តិការយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន អាចនឹងបិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺប្រហែលជានៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
លោក ប៉េកូវ បន្តថា កងទ័ពរុស្ស៊ីនឹងបញ្ចប់វាដោយការឈានដល់គោលដៅយោធារបស់ពួកគេ ឬទីក្រុងម៉ូស្គូ-ទីក្រុងក្រុងកៀវនឹងឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា។
លោក ប៉េកូវ បន្ថែមថា ការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពនឹងពឹងផ្អែកភាគច្រើនលើភាពជាប់លាប់ នៃគោលជំហររបស់អ៊ុយក្រែន និងឆន្ទៈក្នុងការយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី។ លោកបាននិយាយដោយសង្កត់ធ្ងន់ថា អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅតំបន់ ដុនបាស់ គួរតែត្រូវបាននាំយកមកកាត់ទោស។
នៅពេលត្រូវបានសួរអំពីការចោទប្រកាន់របស់អ៊ុយក្រែនលើរុស្ស៊ី ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលយ៉ាងរង្គាលនៅក្នុងទីក្រុងប៊ូឆា ក្បែររដ្ឋធានីកៀវ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបញ្ជាក់ថា ការអះអាងបែបនេះ គឺគ្មានអ្វីក្រៅពីក្លែងក្លាយ និងភូតកុហកនោះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា