មន្រ្តីយោធាកំពូលអាមេរិក៖ សង្រ្គាមនៅអ៊ុយក្រែនអាចនឹងបន្តទៅមុខទៀត ខណៈគ្មានសញ្ញានៃដំណោះស្រាយការទូត
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្នុងឯកសណ្ឋានយោធាអាមេរិកបានបង្ហាញពីទស្សនៈរបស់ខ្លួនថា សង្រ្គាមនៅអ៊ុយក្រែនទំនងជានឹងបន្តទៅមុខទៀត ខណៈដែលរូបលោកមើលមិនឃើញសញ្ញានៃដំណោះស្រាយការទូតនៅឡើយទេ។
នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មៀលលី បានថ្លែងបែបនេះ ក្នុងសវនាការនៅព្រឹទ្ធសភានាថ្ងៃព្រហស្បតិ៍ អមជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន។
លោក មៀលលី និយាយថា កងទ័ពអ៊ុយក្រែនបានគ្រប់គ្រងការវាយលុករបស់រុស្ស៊ីទៅលើទីក្រុងកៀវ ប៉ុន្តែលោកបាននិយាយថា រុស្ស៊ីមានបំណងប្រមូលកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងអ៊ុយក្រែន ហើយថា មាន “សមរភូមិដ៏សំខាន់” នៅពេលខាងមុខ។
លោកបន្តថា វាជាសំណួរដោយបើកចំហមួយនៅពេលនេះថាតើវាបញ្ចប់ដោយរបៀបណា។ លោកបន្ថែមថា បើតាមគំនិតរបស់លោកនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងសម្រេចចិត្តលើបទឈប់បាញ់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ខ្លួន ហើយនឹងមានការអន្តរាគមន៍ផ្នែកការទូតមួយចំនួន ប៉ុន្តែលោកយល់ថា វាទំនងជាមិននៅឆ្ងាយដូចជើងមេឃនោះទេ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានបញ្ជាក់ថា លោក ពូទីន បានជឿជាក់ថា យោធារបស់ប្រទេសលោកនឹងដណ្តើមយកទីក្រុងកៀវ ភ្លាមៗ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះបានយល់ខុស។ លោក អូស្ទីន បន្ថែមថា លោក ពូទីន ប្រហែលជាបានបោះបង់ការដណ្តើមយករដ្ឋធានីអ៊ុយក្រែន ហើយឥឡូវនេះកំពុងផ្តោតលើផ្នែកភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែនវិញម្តង៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា