អ.ស.ប៖ ជនស៊ីវិល ១,៦១១នាក់ ក្នុងនោះកុមារ ១៣១នាក់បានស្លាប់ ដោយសារការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន
យូអិន៖ ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ជនស៊ីវិលយ៉ាងតិច ១,៦១១នាក់ រួមទាំងកុមារ ១៣១នាក់ត្រូវបានសម្លាប់នៅក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (OHCHR) បានបញ្ជាក់ថា អ្នកស្លាប់ចំនួន ៤៩២នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងដូណេតក៍ និងលូហាន់ក៍។ នៅសល់ ១,១១៩នាក់ត្រូវបានគេរាយការណ៍នៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន រួមទាំងទីក្រុងកៀវ, ខាកៀ, ឆឺននីហ៊ីវ និងឃើសុន។
OHCHR ក៏រាយការណ៍ផងដែរថា ជនស៊ីវិលចំនួន ២,២២៧នាក់បានរងរបួស ដែលភាគច្រើននៅក្នុងការវាយប្រហារពាក់ព័ន្ធនឹងអាវុធជាតិផ្ទុះ រួមទាំងការវាយប្រហារតាមអាកាស។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបន្ថែមទៀតថា ខ្លួនជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ជាងនេះគួរឱ្យកត់សម្គាល់។
យោងតាមការប៉ាន់ប្រមាណនោះ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មិនរាប់បញ្ចូលអ្នកស្លាប់ និងរបួសនៅទីក្រុងម៉ារីយូប៉ូល និងតំបន់ផ្សេងទៀតដែលស្ថិតក្រោមការវាយប្រហារយ៉ាងសាហាវ ដែលចំនួនមិនអាចបញ្ជាក់បាន៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា