ឡាវ៖ អតិផរណាកើនដល់ ៨.៥ភាគរយ ក្នុងខែមីនា
វៀងចន្ទន៍៖ អត្រាអតិផរណា (ទំនិញឡើងថ្លៃ លុយចុះថោក) នៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ៨.៥ ភាគរយ នៅក្នុងខែមីនា ២០២២ ដែលជាកំណត់ត្រាថ្មីមួយ ចាប់តាំងពីខែមករាឆ្នាំ ២០១៦ ។
ជំងឺរាតត្បាត COVID-19 រួមជាមួយនឹងតម្លៃប្រេងឥន្ធនៈដែលប្រែប្រួល និងការបន្តធ្លាក់ចុះនៃប្រាក់គីប របស់ឡាវ គឺជាកត្តាចម្បងដែលជំរុញឱ្យតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសឡាវកើនឡើង នេះបើយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិឡាវ ។
ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកបានបង្ខំឱ្យរដ្ឋាភិបាលឡាវដំឡើងថ្លៃលក់រាយប្រេងឥន្ធនៈចំនួនបីដង ក្នុងខែមីនា។ ចាប់តាំងពីដើមឆ្នាំ ២០២២ មក រដ្ឋាភិបាលបានកែសម្រួលតម្លៃប្រេងឥន្ធនៈចំនួន ៩ ដង ដោយដំឡើងថ្លៃចំនួន ៨ ដង និងបញ្ចុះថ្លៃ ម្តង។
ការកើនឡើងតម្លៃប្រេងកំពុងជះឥទ្ធិពលដល់សន្ទស្សន៍តម្លៃដឹកជញ្ជូន ដែលបណ្តាលឱ្យមានការកើនឡើងនៃតម្លៃទំនិញដែលពឹងផ្អែកលើឥន្ធនៈសម្រាប់ផលិតកម្ម ឬការដឹកជញ្ជូនរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Vientiane Times កាលពីថ្ងៃសុក្រ ទី៨ មេសា ២០២២។
ការកើនឡើងនៃតម្រូវការប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ កំពុងបង្កការលំបាកដល់អាជ្ញាធរ ក្នុងការទប់ស្កាត់អតិផរណា ដោយសារអាជីវកម្មត្រូវតែទិញរូបិយប័ណ្ណបរទេសក្នុងអត្រាខ្ពស់នៅលើទីផ្សារស្របគ្នា ទើបពួកគេអាចនាំចូលទំនិញ និងសម្ភារៈបាន៕ ប្រែសម្រួល៖ សារ៉ាត