កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ៥៨ទៀត ដែលបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យួររុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធមនុស្ស UN
UN៖ ប្រទេសចំនួន ៥៨ បានបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យួររុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្នុងចំណោមទាំង៥៨ប្រទេសនោះ ក៏មានប្រទេសកម្ពុជា ផងដែរ ខណៈប្រទេស ៩៣បោះឆ្នោតឱ្យដកចេញ និង ២៤ប្រទេស បោះឆ្នោតប្រឆាំង ។
ក្នុងតំបន់អាស៊ាន មិនមែនតែប្រទេសកម្ពុជាមួយទេ ដែលបោះឆ្នោតអនុប្បវាទ គឺមានប្រទេស ៦ផ្សេងទៀត ដែលបោះឆ្នោតបែបនេះដូចគ្នា ខណៈប្រទេសវៀតណាម និងឡាវ បោះឆ្នោតប្រឆាំង ហើយពីលីពីន និងមីយ៉ាន់ម៉ា គាំទ្រឱ្យដករុស្ស៊ីចេញ ។
សូមជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា បានព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ «ការរំលោភបំពាន និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ» យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូប្រកាសចេញពីក្រុមប្រឹក្សានេះមុនការបោះឆ្នោត ។
ថ្លែងបន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Gennady Kuzmin បានពណ៌នាចំណាត់ការនេះថា «មិនស្របច្បាប់ និងមានលក្ខណៈនយោបាយ» ដោយរុស្ស៊ីបានសម្រេចចិត្តចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងស្រុង ៕ ដោយ វណ្ណលុក (ប្រភព EAC News)