ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ

សៀមរាប៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ។ លោក ពិន ប្រាកដ តំណាងឯកឧត្តម អភិបាលខេត្តសៀមរាប បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ១ខ្នង ៣បន្ទប់ និងសមិទ្ធិផលនានា ស្ថិតនៅ ភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

លោក ពិន ប្រាកដ បន្តទៀតថា វិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននឹងកំពុងជម្រុញពង្រីក ហើយមានភាពឈានឡើង ទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ ព្រោះរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមកាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ការកសាងធនធានមនុស្សទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព ដើម្បីធានាបាននូវ ធនធានមនុស្ស ដែលមានសមត្ថភាពពេញលេញ។

លោក ពិន ប្រាកដ តំណាងឯកឧត្តម អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ គឺជាមធ្យោបាយសក្ដិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និង ការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា។ ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ សំដៅធានាសិទ្ធិ សេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ។

លោក នង វុត្ថា ប្រធានអង្គការយូណេស្កូជប៉ុនប្រចាំប្រទេសកម្ពុជា ថ្លែងថា “ដោយហេតុថាសង្គ្រាមកើតចេញពីក្នុងចិត្តមនុស្ស ហេតុនេះគឺពីក្នុងដួងចិត្តមនុស្សនេះហើយ ដែលយើងត្រូវបង្កើតគំនិតការពារសន្តិភាព”។ នៅក្នុងឆ្នាំ១៩៤៥ អង្គការយូណេស្កូត្រូវបានបង្កើតឡើងនៅបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយជឿជាក់ថា សន្តិភាពចាំបាច់ត្រូវតែសម្រេចឱ្យបានដោយផ្អែកលើសីលធម៌ និងសាមគ្គីភាព ប្រកបដោយបញ្ញារបស់មនុស្ស។

ដូច្នេះ មានតែការអប់រំ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអប់រំនៅក្នុងសង្គម ហើយការទទួលបានការអប់រំដោយឥតគិតថ្លៃ និងស្មើភាពគ្នា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ដូចនេះ អង្គការយូណេស្កូជប៉ុន បានចូលរួមលើបុព្វហេតុនេះ ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ការអប់រំសម្រាប់ទាំងអស់គ្នា និងយកចិត្តទុកដាក់ទៅលើគោលដៅទី៤ នៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ “ការធានានូវការអប់រំប្រកបដោយបរិយាប័ន្ន និងប្រកបដោយគុណភាព សម្រាប់មនុស្សគ្រប់គ្នា និងលើកកម្ពស់ការសិក្សាពេញមួយជីវិត”។

សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដែលនៅចំពោះមុខនេះ មានបណ្តោយ ១៥ម៉ែត្រ និងទទឹង ០៨ម៉ែត្រ ស្មើនឹង ១២០ម៉ែត្រការេ ចែកចេញជា០៣បន្ទប់ មានបន្ទប់អនាម័យ០២ ដែលចំណាយថវិកាសរុប ១០០,០០០ ដុល្លា (មួយសែនដុល្លាអាមេរិកគត់) ដោយរួមទាំងការ បំពាក់គ្រឿង សង្ហារឹមបរិក្ខាថាមពលអគ្គីសនី អណ្ដូងស្នប់ ម៉ាស៊ីនផលិតទឹកសុទ្ធ និងថវិកាសម្រាប់ដំណើការមួយចំនួន ដែលជាអំណោយ របស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្តជប៉ុន៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner