តុលា​ការចេញ​ដីកា​ឱ្យ​នាំខ្លួន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ

​ភ្នំ​ព​ញ​៖​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យកម្លាំង​សាធារណ​:​នាំ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែមេសាឆ្នាំ​២០២២ ជា​កំហិត​ដើម្បី​ចាត់ការ​តាមច្បាប់​។

លោក សៀម ភ្លុក (រូបថតឯកសារ)

​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​នេះ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លិ សុខា កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ។

​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​បានឱ្យដឹងថា លោក សៀម ភ្លុក ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ ដែល​បទល្មើស ដែលមាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៦២៦, មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យបាន​ពេញលេញ គប្បី​សម្រេច​នាំខ្លួន​ឈ្មោះ សៀម ភ្លុក មក​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​បំភ្លឺ​ការពិត​។ ហេតុដូច្នេះ​សម្រេច​៖
១ . ឱ្យ​នាំខ្លួន​ឈ្មោះ សៀម ភ្លុក ភេទ​ប្រុស ដែលមាន​អត្តសញ្ញាណ​ខាងលើនេះ​។​

២. បង្គាប់​មក​កងកម្លាំង​សាធារណៈ​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើនេះ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ជា​កំហិត ដើម្បី​ចាត់ការ​តាមច្បាប់​។​
​តវ៉ា​។

​សូមជម្រាបថា តុលាការ​បានចេញ​ដីកា​កោះហៅ លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ឲ្យ​ចូលខ្លួន ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០២២ ដើម្បី​សាកសួរ​ពី​ដំណើររឿង ពាក់ព័ន្ធ​ការ​ផ្តិត​ស្នាម​មេដៃ​ជំនួស​ការ​ក្លែងបន្លំ ត្ត​សញ្ញាណ​បុគ្គល និង ការ​ផ្តិត​ស្នាម​មេដៃ​ឲ្យ​ខូចគុណភាព​។ ដីកាកោះ​ឲ្យ ចូលខ្លួន​នេះ​ចេញ​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​។

​គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា ការ​ផ្តិត​ស្នាម មេដៃ​របស់​សមាជិក​ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ អត្តសញ្ញាណ​បុគ្គល និង ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ៕​ដោយ​៖​ពល​ជ័យ​

ads banner