បៃតងសង្រ្កានជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្ហាញពីវប្បធម៌សិល្បៈក៏ដូចជា ការបណ្តុះពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន

ខេត្តកំពង់ស្ពឺ៖«បៃតងសង្ក្រាន្តមិនមែនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្ហាញពីវប្បធម៌សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសនៃការបណ្តុះស្មារតីពលរដ្ឋឱ្យចេះគោរពស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិកាន់តែខ្លាំង ព្រមទាំង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ បង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើនចំណូលសម្រាប់ជីវភាពរស់នៅរបស់ពលរដ្ឋនៅមូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការប្រកបមុខរបរផ្សេងៗ»។ នេះគឺជាការថ្លែងពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ថ្លែងនាឱកាស ចូលរួមជាអធិបតីបើកព្រឹត្តិការណ៍ «បៃតងសង្ក្រាន្ត»នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីនេះក្រៅពីការចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ វាក៏បានបង្ហាញពី សារៈសំខាន់ ដល់ពលរដ្ឋឱ្យបានយល់ដឹងពីជីវៈចម្រុះផ្សេងទៀតត្រូវការចាំបាច់ដើម្បីជីវិតរស់។

ឯកឧត្តមមានប្រសាសន៍ថា នៅក្នុងឃុំត្រពាំងជោរមានព្រៃសហគមន៍ និងមានបឹងធម្មជាតិដ៏ពោរពេញដោយសក្តានុ ពលទេសចរណ៍ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវ៉ររៀរស៍បានចូលរួមជួយរៀបចំនិងអភិវឌ្ឍផែនការដើម្បីចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់នោះតាមរយៈទេសចរណ៍ធម្មជាតិ និងកាត់បន្ថយការពឹងអាស្រ័យលើធន ធានធម្មជាតិដើម្បីជីវភាពប្រចាំថ្ងៃ។ ចំពោះគំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖«សម្រាប់ពលរដ្ឋនៅឃុំទំពាំងជោរ មានកេរ្តិ៍មរតកធម្មជាតិ គឺបឹងពាមល្វា ព្រៃសហគមន៍ មានព្រៃភ្នំព័ទ្ធជុំវិញ ដែលនេះគឺជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃដែលអាចទាញបានផលប្រយោជន៍មិនចេះរីងស្ងួតពីទេសចរណ៍ធម្មជាតិ បង្កើតមុខរបរថ្មីជូនដល់ពលរដ្ឋនៅមូលដ្ឋាន»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ពលរដ្ឋចូលរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល មាន នៅតំបន់នេះ ត្រូវធ្វើយ៉ាងណារក្សាការពារឱ្យបាននូវសម្រស់ធម្មជាតិនៅតំបន់នេះ កុំឱ្យបាត់បង់ដើម្បីប្រភពចំណូលពីទេសចរណ៍ធម្មជាតិ។

នៅក្នុងព្រឹត្តិការណ៍«បៃតងសង្ក្រាន្ត» មានការរៀបចំតូបបង្ហាញផលិតផល របស់សហគមន៍ដើម្បីបង្ហាញដល់អ្នកចូលរួមអំពីប្រភេទមុខម្ហូបនិងផលិតផលផ្សេងៗដែលអ្នកឃុំត្រពាំងជោរមាន។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំតាំងស្នាដៃសិល្បៈដែលកែច្នៃពីសំណល់សំរាមប្លាស្ទិក និងសំណល់ផ្សេងទៀតដ៏គួរឱ្យទាក់ទាញ ព្រមទាំងមានការតាំងពិព័រណ៌ពីអន្ទាក់ កាំភ្លើងកែច្នៃ រណារយន្តដែលជាឧបករណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ។

លោក តាន់ គឹមសួរ ប្រធានគម្រោងព្រឹត្តិការណ៍បៃតងសង្ក្រាន្តមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅដើម្បីរួមចំណែកក្នុងការលើកស្ទួយវប្បធម៌និងអភិរក្សព្រៃឈើកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក តាន់ គឹមសួរ បញ្ជាក់ថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត គឺជាចលនាមួយនៃការផ្សាភ្ជាប់រវាងមនុស្សនិងមនុស្ស មនុស្សនិងធម្មជាតិ មនុស្សនិងសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍសម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះដែរ ឯកឧត្តម សរ ពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំបៃតងសង្ក្រាន្តនេះឡើងដោយឯកឧត្តមបានថ្លែងថា ព្រឹត្តិការណ៍នេះបាននិងកំពង់តែប្រែក្លាយពីតំបន់ដែលឮសំឡេងរណារយន្តកាប់បំផ្លាញព្រៃឈើ ទៅជាកន្លែងសប្បាយរីករាយ។

ឯកឧត្តមបានថ្លែងថាក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយក្នុងការជំរុញឱ្យតំបន់បឹងពាមល្វាក្លាយជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយបន្ថែមទៀតសម្រាប់គោលដៅ ទេសចរណ៍។ ជាមួយគ្នានេះដែរ តំណាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ក៏បានបង្ហាញការគាំទ្រចំពោះព្រឹត្តិការណ៍ បៃតងសង្ក្រាន្តនេះដែរ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner