រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់កម្ពុជា និងក៏ជាកូន ជាចៅ របស់ប្រជាជន

ខេត្តព្រះសីហនុ ៖ «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ពិធីនេះ មានការចូលរួមពី សំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាសមាជិកក្រុមការងារ និងនាយនាវី នាវីរង ពលនាវិក ជាច្រើននាក់ទៀត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី? នេះជារឿងសំខាន់។ កងទ័ពរបស់កម្ពុជា ជាកូន ជាចៅ របស់ប្រជាជន ហើយមានតែកងទ័ពទេ គឺជាឆ្មាំចាំយាមអាយុជីវិតជាតិរបស់យើង។ ក្នុងគោលការណ៍មន្ត្រីរាជការស៊ីវិល ក៏ដូចជាកងទ័ព គឺដូចគ្នា។ យើងធ្វើការដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសរបស់យើង ប្រជាជនយើង ហើយធ្វើការជាមួយគណបក្សណាដែលជាប់ឆ្នោត។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម សាយ សំអាល់ បានរម្លឹកថា បើយើងងាកត្រឡប់ទៅប្រវត្តិសាស្ត្ររបស់ខ្មែរ៥០០ឆ្នាំមុន យើងមិនដែលមានពេលណាដែលមានរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ ហើយក៏មិនដែលបានឯកភាពទឹកដីដូចពេលនេះដែរ។ យើងមានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព ស្ថេរភាពនេះ ក៏ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យយើងមានឱកាសកសាងអភិវឌ្ឍប្រទេសរបស់យើង។ ជាមួយគ្នានេះដែរ បងប្អូនយុទ្ធជនរបស់យើង ក៏បានពលីជាច្រើនផងដែរ ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាយើងជាប្រទេសមួយដែលធ្លាប់ងើបពីសង្គ្រាម ពីគំនរឆ្អឹង និងថ្លុកឈាម ហេតុនេះ បើយើងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយដែលកំពុងមានបច្ចុប្បន្ននេះ នោះអនាគតរបស់យើងនឹងកាន់តែល្អប្រសើរ។

គួរឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឯកឧត្តម សាយ សំអាល់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ប្រគល់ជូនដល់អង្គភាព និងនាយនាវី នាយនាវីរង ពលនាវិក ដែលមកចូលរួមជាងមួយពាន់នាក់ផងដែរ ៕ ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner