ស្ត្រី ក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន ៣៥គ្រួសារ ទទួលបានការអប់រំផ្សព្វផ្សាយ ពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក

មណ្ឌលគិរី៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តមណ្ឌលគិរី នាថ្ងៃសុក្រ ទី ៨ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្ដីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន៣៥គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាពូរតាំង ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះបងប្អូនស្ត្រីជាមាតាទាំងអស់ និងបានជម្រាបជូនពីសាវតារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលនូវគោរមងារដ៏ឧត្តុង្គឧត្តម ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ បន្ទាប់ពីទទួលបានគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។

ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ស្ត្រីជាមាតាទាំងអស់ដូចខាងក្រោម ៖

  • សូមស្រ្តីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ / ឆ្មបជំនាញ ឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ព្រមទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្ដាយទៅកូន។
  • សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឬឆ្មបជំនាញ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
  • សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ។
  • ប្រញាប់យកទារកទៅមន្ទីរពេទ្យ នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
  • សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
  • សូមឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារ «៣ការពារ ៣កុំ» និងការណែនាំនានារបស់ក្រសួងសុខាភិបាល និង សូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។

ស្ត្រីជាមាតាទាំង៣៥គ្រួសារ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានក្រើនរំលឹកនូវសារអប់រំសុខភាព និងបានផ្តល់អំណោយសម្រាលការលំបាក ដោយគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (សារុង, ក្រមា, មុង, ភួយ, អាវយឺត), ម៉ាស់១ប្រអប់, ជែលលាងដៃ២ដប, ខិតប័ណ្ឌផ្សព្វផ្សាយសុខភាពស្ត្រី និងកុមារ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីខាងលើ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ខ្នងផ្ទះជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនច្រើនក្នុងបន្ទុកចំនួន២គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner