ថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា សូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តី និងអាហារសាមគ្គីជាមួយបុគ្គលិក ស្វាគមន៍សង្ក្រាន្ត ឆ្នាំថ្មី

ភ្នំពេញ ៖ បន្ទាប់ពីខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន២ឆ្នាំ ដោយសារជម្ងឺរាតត្បាតជាសកលកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចូលឆ្នាំនៅឆ្នាំនេះឱ្យខានតែបាន ជាមួយនិងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជូនប្រជាពលរដ្ធនៅទូទាំងប្រទេស ជាមួយវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ រហូតទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាល ។

ជាក់ស្តែងសង្ក្រានឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី នៅទូទាំងប្រទេសកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ទទួលនូវទេវាតាឆ្នាំថ្មី ជាមួយនឹងការតុបតែងល្អនៅតាមក្រសួងស្ថាប័ន អង្គភាពនានា គ្រប់តំបន់កំសាន្តនៅក្នុងរាជធានីខេត្ត និងតាមគេហដ្ឋានផងដែរ ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានរៀបចំនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តី ឆ្នាំចាស់ផ្លាស់ប្តូរឆ្នាំថ្មី និងអាហារសាមគ្គីជាមួយបុគ្គលិក ស្វាគមន៍សង្គ្រានឆ្នាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា ឯកឧត្តម ខ្វៃ អាទិត្យា ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើននាក់ ។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ដែលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ។ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីនេះផងដែរ ថ្នាក់ដឹកនាំនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា រួមនឹងបុគ្គលិកគ្រប់ផ្នែក ក៏បានពិសារអាហារសាមគ្គីជាមួយគ្នាដោយក្តីសប្បាយរីករាយ និងភាតរភាព ៕
ដោយ :គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner