អគ្គលេខាធិការ គ.ជ.ប៖ ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ គឺគ.ជ.ប កសាងប្រតិទិន និងផែនការមេ 

ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប កសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាលជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២(ប.ន.ឃ.ស)  ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែង។ 

ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ សម្រាប់គ្រូបង្ហាត់ និងមន្រ្តីនៃគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការគ.ជ.ប។

ឯកឧត្ដម ទេព នីថា ថ្លែងបន្ថែមទៀតថា ប.ន.ឃ.ស ឆ្នាំ២០២២ ត្រូវបានរៀបចំដោយផ្អែកលើ ប.ន.ឃ.ស ឆ្នាំ២០១៧ ជាមូលដ្ឋានហើយត្រូវបានកែសម្រួលដោយផ្អែកលើមេរៀនពិសោធន៍កន្លងមក និងបន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីជាជំនួយដល់ការរៀបចំ និងគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងសុក្រឹតភាពថែមមួយកម្រិតទៀត។ 

ឯកឧត្ដម ទេព នីថា បានគូសបញ្ជាក់ថា ដើម្បីជំរុញឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយជោគជ័យបាន ក្រៅពីការកសាងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយហើយនោះ ការបណ្តុះបណ្តាល បំពាក់បំប៉ន ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យហ្មត់ចត់ ហើយនេះគឺជាហេតុផលសំខាន់នាំឱ្យមានការជួបជុំគ្នា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតបានល្អប្រសើរ។ 

ឯកឧត្ដម ទេព នីថា បានណែនាំដល់គ្រូបង្ហាត់ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយតំណាងអង្គការសង្កេតការណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀតតាមផែនការ និងប្រតិទិនដែលបានកំណត់។ ទន្ទឹមនឹងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់ គធ.ខប អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប។

គួរបញ្ជាក់ថា គ.ជ.ប តែងតែធ្វើការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្រ្តីបម្រើការងារបោះឆ្នោត និងភាគីពាក់ព័ន្ធនានា  ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បូករួមនឹងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីត្រៀមមុនដំណាក់កាលនីមួយៗនៃការបោះឆ្នោតចូលមកដល់។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បានអនុវត្តការងារ និងសម្រេចបាននូវលទ្ធផលសម្រាប់ដំណាក់កាលទី១ និងទី២ រួចមកហើយ នោះគឺ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១និងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ រីឯដំណាក់កាលទី៣ គឺការឃោសនាបោះឆ្នោត និងដំណាក់កាលទី៤ គឺការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត គ.ជ.ប បានគិតគូរ និងត្រៀមទុកជាមុន ដូចដែលមានវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃនេះជាឧទាហរណ៍ស្រាប់៕ 

ដោយ៖ពលជ័យ

ads banner