សម្ព័ន្ធមិត្តលោក ចូ បៃដិន ធ្លាប់ពិចារណាពីគំនិតចង់បញ្ជូនកងទ័ពអាមេរិកទៅជួយអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក គ្រីស ឃូនស៍ (Chris Coons) ដែលត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយមួយរូប មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ចូ បៃដិន នោះ បានលើកឡើងពីគំនិតដាក់ពង្រាយកងទ័ពអាមេរិក ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៉ី។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ឃូនស៍ បានបញ្ជាក់ដូច្នេះថា ប្រជាជនអាមេរិក មិនអាចងាកចេញពីសោកនាដកម្មដែលកំពុងកើតមាននៅអ៊ុយក្រែនទេ។ ខ្ញុំគិតថាប្រវត្តិសាស្រ្តនៃសតវត្សទី២១ នឹងបង្ហាញថា យើងប្រឹងប្រែងការពារសេរីភាពនៅអ៊ុយក្រែនដល់កម្រិតណា ហើយលោក ពូទីន នឹងមិនអាចឈប់ទេ ដរាបណាយើងមិនបញ្ឈប់លោក។
នាឱកាសនោះដែរ លោក ឃូនស៍ បានអះអាងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្វីដែលនឹងអាចកើតឡើង គឺអ៊ុយក្រែនអាចមានវាសនាដូចជាប្រទេសស៊ីរីបច្ចុប្បន្ន ដែលលោកហៅថា ស៊ីរីនៃអឺរ៉ុបខាងកើត ដូច្នេះអាមេរិក និងណាតូ ចាំបាច់ត្រូវតែចូលមកជួយអ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា



