ទាហាន​អ៊ុយក្រែន​ធ្វើ​ការ​តដៃ​ចុង​ក្រោយ​នៅ​ក្នុង​បណ្ដាញ​ផ្លូវ​ក្រោម​ដី​ក្រុង​ម៉ារីអូប៉ូល

អស់​រយៈ​ពេល​ជាង​ប្រាំពីរ​សប្ដាហ៍​ កង​កម្លាំង​ឈ្លាន​ពាន​រុស្ស៊ី បាន​ឡោមព័ទ្ធ​ និង​កំពុង​ខិត​ជិត​ចំណុច​កណ្ដាល​នៃ​ក្រុង​ម៉ារីអូប៉ូល​ ខណៈ​ពេល​ពួកគេ​កម្ទេច​ក្រុង​នេះ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ ការ​បាញ់​កាំភ្លើង​ធំ និង​មីស៊ីល​ ធ្វើ​ឱ្យ​មាន​ការ​បាក់បែក​អគារ​លំនៅឋាន មន្ទីរពេទ្យ​ និង​អគារ​ដទៃ​ទៀត​។

ក្នុង​អំឡុង​ពេល​នេះ​ អ្នក​វិភាគ​បាន​ចង្អុល​ថា​កងកម្លាំង​អ៊ុយក្រែន​នៅ​ទី​នោះ​គឺ​ទំហំ​តូច​ជាង និង​អាវុធ​ និង​គ្រាប់​តិច​ជាង កង​កម្លាំង​រុស្ស៊ី​ ហើយ​បាន​ព្យាករណ៍​ថា​ទីក្រុង​នេះ​នឹង​ដួល​រលំ​នៅ​ពេល​ឆាប់ៗ​នេះ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ កង​កម្លាំង​អ៊ុយក្រែន​ ដែល​រួមមាន​កងយោធា​ កង​ឆ្មាំ​ព្រំដែន​ និង​កង​ជីវពល​ស្ដាំ​និយម​ Azov បាន​បដិសេធ​មិន​ចុះ​ចាញ់​។​ ពួកគេ​បាន​ចូល​ជ្រក​ក្នុង​បណ្ដាញ​ផ្លូវ​ក្រោម​ដៃ​នៃ​រោងចក្រ​ធំៗ​នៃ​ក្រុង​ម៉ារីអូប៉ូល​ ដែល​រួមមាន​រោងចក្រ​ដែក​ Azovtsal និង​ផ្នែក​មួយ​ចំនួន​នៃ​កំពុង​ផែ​ក្រុង​។

នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ចុង​បញ្ចប់​នៃ​ការ​ឡោមព័ទ្ធ​ហាក់​ដូចជា​កាន់​តែ​ខិត​ជិត​មក​ដល់​។ កាល​ពី​ថ្ងៃ​សៅរ៍​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង​ថា​ពួកគេ​បាន​បោស​សម្អាត​កង​កម្លាំង​ចេញ​ទីក្រុង​នេះ​ ក្រៅ​ពី​កង​កម្លាំង​មួយ​ចំនួន​​ដែល​ចូល​ជ្រក​ក្នុង​រោងចក្រ Azovstal​។ បន្ទាប់​ពី​ពាក់​កណ្ដាល​អធ្រាត្រ​ រុស្ស៊ី​បាន​ដាក់​ឱសានវាទ​ឱ្យ​កង​កម្លាំង​ចុះចាញ់​ និង​បោះបង់​អាវុធ​។

ការ​ដួល​រលំ​នៃ​ក្រុង​ម៉ារីអូប៉ូល នឹង​ផ្ដល់​ជ័យ​ជម្នះ​ដ៏​ធំ​មួយ​ទៅ​ឱ្យ​រុស្ស៊ី​ ដែល​មាន​ការ​លំបាក​នៅ​សមរភូមិ​ដទៃ​ទៀត ហើយ​នឹង​ផ្ដល់​តំណ​ភ្ជាប់​ផ្លូវ​គោក​ពី​ឧបទ្វីប​គ្រីមៀរ ដល់​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាង​កើយ​ប្រទេស​អ៊ុយក្រែន​។ ហើយ​វា​ក៏​នឹង​រំដោះ​ធនធាន​យោធា​សម្រាប់​រុស្ស៊ី​យក​ទៅ​ធ្វើ​ការ​វាយ​ការ​វាយ​លុក​នៅ​តំបន់​ដទៃ​ទៀត​នៃ​អ៊ុយក្រែន​។

សម្រាប់​អ៊ុយក្រែន​ ការ​កាន់កាប់​ក្រុង​ម៉ារីអូប៉ូល​ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ចលនា​តស៊ូ​ទប់ទល់​នឹង​ការ​ឈ្លានពាន​ ដែល​សម្លាប់​ប្រជាជន​ និង​បង្ក​ការ​ខូចខាត​ដល់​រាប់​រយ​ពាន់​លាន​ដុល្លារ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner