ប៉ាគីស្ថានព្រមានអាហ្វហ្គានីស្ថាន កុំឲ្យផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ
ប៉ាគីស្ថានព្រមានក្រុមតាលីបង់របស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ឱ្យបញ្ឈប់ការផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ដែលធ្វើការវាយប្រហារយ៉ាងសាហាវ ប្រឆាំងនឹងយោធារបស់ក្រុងអ៊ិស្លាមម៉ាបាដ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីអាហ្វហ្គានីស្ថានចេញរបាយកាណ៍ថា យន្តហោះប៉ាគីស្ថានកាលពីល្ងាចថ្ងៃសុក្រ ធ្វើការវាយឆ្មក់ទម្លាក់គ្រាប់បែកនៅក្នុងខេត្តភាគខាងកើត Khost និង Kunar របស់ខ្លួន ដោយបានសម្លាប់ទាំងជនស៊ីវិល។
រហូតមកដល់ពេលនេះ ប៉ាគីស្ថានបានបដិសេធមិនឆ្លើយតបលើការចោទប្រកាន់របស់អាហ្វហ្គានីស្ថាន ប៉ុន្តែចោទប្រកាន់ពួកតាលីបង់អាហ្វហ្គានីស្ថាន ថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបញ្ឈប់ការវាយប្រហារប្រឆាំងនឹងប៉ាគីស្ថាន ដោយពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាននិយាយជាភាសាធ្ងន់ៗខុសពីធម្មតាថា៖ «ពួកភេរវករកំពុងប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដោយគ្មានការដាក់ទោស ដើម្បីធ្វើសកម្មភាពក្នុងប្រទេសប៉ាគីស្ថាន»។
ប៉ុន្តែមុនពួកតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីខែសីហាឆ្នាំមុន ប៉ាគីស្ថានតែងរងការចោទប្រកាន់ជារឿយៗ ថាបានជួយដល់ក្រុមសកម្មប្រយុទ្ធរបស់តាលីបង់អាហ្វហ្គានីស្ថាន។ គេមិនដឹងច្បាស់ទេ ថានាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាគីស្ថានលោក Shahbaz Sharif នឹងគាំទ្រទង្វើបែបនេះ ដូចអ្វីដែលអតីតមេដឹកនាំលោក Imran Khan ដែលទើបត្រូវបានសភាប៉ាគីស្ថានបោះឆ្នោតដកសេចក្ដីទុកចិត្ត ធ្លាប់ធ្វើនោះទេ។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសតាលីបង់បានហៅទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដើម្បីត្អូញត្អែរអំពីជនស៊ីវិលដែលត្រូវបានស្លាប់ក្នុងការវាយឆ្មក់នៅខេត្ត Kunar និង Khost កាលពីថ្ងៃសុក្រ។ អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid ព្រមានប៉ាគីស្ថានថា «កុំឱ្យសាកល្បងភាពអត់ធ្មត់របស់អាហ្វហ្គានីស្ថានលើបញ្ហាបែបនេះ ហើយកុំធ្វើកំហុសដដែលម្តងទៀត បើមិនដូច្នេះទេ វានឹងមានផលវិបាកអាក្រក់»។
យ៉ាងណាមិញ ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច ដោយការវាយប្រហារនេះ តែងត្រូវបានអះអាងដោយក្រុមតាលីបង់ប៉ាគីស្ថាន ឬដោយសម្ព័ន្ធក្រុមរដ្ឋអ៊ិស្លាម ដែលមានទីស្នាក់ការនៅអាហ្វហ្គានីស្ថាន។
បើតាមលោក Amir Rana នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាពីសន្តិភាព ការវាយប្រហារក្នុងប្រទេសប៉ាគីស្ថានបានកើតឡើង ៥២ លើក និងសម្លាប់មនុស្ស ១៥៥ នាក់ គិតត្រឹម៣ខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើងដ៏ខ្ពស់បើប្រៀបធៀបនឹងឆ្នាំមុន ដែលការវាយប្រហារក្នុងរយៈពេលដូចគ្នា មានត្រឹមតែ ៣៥ លើក និងសម្លាប់មនុស្ស ៦៨ នាក់ប៉ុណ្ណេះ។



ប្រភព៖ Yahoo News