ទីភ្នាក់ងារប្រឆាំងអំពើក្លែងបន្លំ EU ការស៊ើបអង្កេតលើបេក្ខជនប្រធានាធិបតីបារាំងឡឺប៉ែន
អង្គអយ្យការក្រុងប៉ារីសគឺកំពុងសិក្សារបាយការណ៍របស់ទីភ្នាក់ងារប្រឆាំងអំពើក្លែងបន្លំនៃសហភាពអឺរ៉ុប ដែលបានចោទប្រកាន់បេក្ខជនប្រធានាធិបតីបារាំងស្ដាំជ្រុលនិយមលោកស្រីម៉ារីន ឡឺប៉ែន និងសមាជិកគណបក្សលោកស្រីថាបានប្រើប្រាស់ថវិកាសាធារណដោយមិនត្រឹមត្រូវ ក្នុងអំឡុងពេលដែលពួកគេជាសមាជិកនៃសភាអឺរ៉ុប។
របាយការណ៍ត្រូវបានចេញផ្សាយដំបូងដោយគេហទំព័រសារព័ត៌មាន Mediapart ប៉ុន្មានថ្ងៃមុនលោកស្រីឡឺប៉ែនត្រូវប្រកួតប្រជែងជាមួយលោកប្រធានាធិបតីអេម៉ានូអែល ម៉ាក្រុងក្នុងការបោះឆ្នោតជុំទីពីរនៅថ្ងៃអាទិត្យនេះ។ ជំហរចម្បងមួយរបស់របស់គណបក្សស្ដាំនិយមជ្រុលរបស់លោកស្រីឡឺប៉ែន គឺការប្រឆាំងអំណាចរបស់សហភាពអឺរ៉ុប។
លោកស្រីឡឺប៉ែនបានបដិសេធថាលោកស្រីមិនបានធ្វើអ្វីខុស ហើយបានច្រានចោលរបាយការណ៍នេះថាជា «ឧក្រិដ្ឋកម្មដោយសហភាពអឺរ៉ុប ត្រឹមតែប៉ុន្មានថ្ងៃមិនការបោះឆ្នោតជុំទីពីរ»។ លោកស្រីនិយាយថា៖ «ខ្ញុំគិតថា បារាំងនឹងមិនជឿការបោកប្រាស់ទេ»។
អង្គអយ្យការក្រុងប៉ារីសបាននិយាយថាពួកគេបានទទួលរបាយការណ៍អំពីលោកស្រីឡឺប៉ែនពីការិយាល័យប្រឆាំងការក្លែងបន្លំអឺរ៉ុប (OLAF) កាលពីខែមុន ដោយពួកគេនៅកំពុងសិក្សារបាយការណ៍នេះនៅឡើយ ហើយនៅមិនទាន់ចាប់ផ្ដើមការស៊ើបអង្កេតផ្លូវការទេ។
Mediapart បានរាយការណ៍ថាក្នុងរបាយការណ៍នេះ OLAF បានចោទប្រកាន់លោកស្រីឡឺប៉ែន ឪពុករបស់លោកស្រី និងជាស្ថាបនិកបក្សគឺលោកហ្សង់-ម៉ារី ឡឺប៉ែន និងសមាជិកបក្សដទៃទៀត ដែលធ្លាប់ជាសមាជិកសភាអឺរ៉ុបថាបានប្រើថវិកាសាធារណៈចំនួន ៦១៧.០០០ អឺរ៉ូសម្រាប់ហេតុផល «ប្រឌិត»។ OLAF ចង់ឱ្យបុគ្គលទាំងនេះសងថវិកាខាងលើ ហើយអាចទាមទារឱ្យមានការចោទប្រកាន់អំពីការក្លែងបន្លំ និងការកិបកេង។
យ៉ាងណាមិញលោកស្រីឡឺប៉ែនក៏ធ្លាប់ប្រឈមមុខនឹងការស៊ើបអង្កេតដោយ OLAF កាលពីមុនផងដែរ ដែលត្រូវបានប្រកាសមុនការបោះឆ្នោត ២០១៧។ ក្នុងសំណុំរឿងនេះលោកស្រីក៏បានរងការចោទប្រកាន់បឋមពីអយ្យការបារាំងផងដែរ ហើយដំណើរការជំនុំជម្រះក្ដីគឺនៅបន្តរហូតមកដល់សព្វថ្ងៃ៕
ប្រភព៖ AP News