ពូទីន និយាយថា ទណ្ឌកម្មបស្ចិមលោកប្រឆាំងនឹងរុស្ស៊ីបានបរាជ័យ តែទទួលស្គាល់អតិផរណាហក់ឡើង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និយាយកាលពីថ្ងៃចន្ទថា ទណ្ឌកម្មរបស់បស្ចិមប្រទេស ដែលដាក់ប្រឆាំងនឹងរុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែន បានបរាជ័យ ប៉ុន្តែការកើនឡើងនៃអតិផរណាកំពុងប៉ះពាល់ដល់ប្រជាជនរុស្ស៊ីយ៉ាងខ្លាំង។
លោក ពូទីន និយាយថា៖ «ការគណនា [របស់លោកខាងលិច] គឺរំពឹងថានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុ-សេដ្ឋកិច្ចដួលចុះ ទីផ្សារមានការភ្ញាក់ផ្អើល ប្រព័ន្ធធនាគារត្រូវដួលរំលំ និងកង្វះការផ្គត់ផ្គង់ផ្សេងៗ ឱ្យបានឆាប់រហ័ស»។ ប៉ុន្តែលោកបន្តថា៖ «យុទ្ធសាស្ត្រនៃវិបត្តិសេដ្ឋកិច្ចបានបរាជ័យ» ហើយជំនួសមកវិញបាននាំឲ្យមាន «ការធ្លាក់ចុះនៃសេដ្ឋកិច្ចលោកខាងលិច» ខ្លួនឯង។
បណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមកលើប្រព័ន្ធសាជីវកម្ម និងហិរញ្ញវត្ថុរបស់រុស្ស៊ី ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមប្រតិបត្តិការយោធាលុកលុយអ៊ុយក្រែនរបស់ខ្លួននៅចុងខែកុម្ភៈ។ លោក ពូទីន និយាយថា រុស្ស៊ីបានទប់ទល់នឹងសម្ពាធដ៏ខ្លាំងនេះ ដោយលើកហេតុផលថាប្រាក់រូបបានពង្រឹង ហើយរុស្ស៊ីបានកត់ត្រាអតិរេកពាណិជ្ជកម្មខ្ពស់ជាប្រវត្តិសាស្ត្រចំនួន ៥៨ ប៊ីលានដុល្លារនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ។
ទោះបីយ៉ាងនេះក្ដី មេដឹកនាំរុស្ស៊ីដដែល ទទួលស្គាល់ថា តម្លៃទំនិញប្រើប្រាស់កើនឡើងយ៉ាងខ្លាំង ដោយអតិផរណាប្រចាំឆ្នាំកើនឡើងដល់ ១៧,៥ ភាគរយគិតត្រឹមថ្ងៃទី ០៨ ខែមេសា ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនរុស្ស៊ី។ លោក ពូទីន បន្តថា រុស្ស៊ីគួរប្រើថវិកាដើម្បី «ចម្អែតសេដ្ឋកិច្ចជាមួយនឹងធនធានហិរញ្ញវត្ថុ»។
ផ្ទុយពីវោហារស័ព្ទរបស់លោក ពូទីន ការព្យាករណ៍របស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះជាង ១១ ភាគរយនៅឆ្នាំនេះ។ ជាមួយគ្នានោះ អ្នកជំនាញនិយាយថា ការដាក់ទណ្ឌកម្មបានប៉ះពាល់ជាចម្បងដល់ទីផ្សារហិរញ្ញវត្ថុ ហើយឥឡូវនេះ វានឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង។ បញ្ហាចម្បងនឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរឹតបន្តឹងលើការនាំចូល និងការដឹកជញ្ជូននៃពាណិជ្ជកម្មបរទេស ហើយនិងការរឹតបន្តឹងលើការនាំចេញនាពេលអនាគត។
ប្រភព៖ Aljazeera