រុស្ស៊ី​ចាប់​ផ្ដើម​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ ដើម្បី​ដណ្ដើម​ការ​កាន់​កាប់​ភាគ​ខាង​កើត​អ៊ុយក្រែន

កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី​១៨ មេសា​​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុឡូឌិមៀរ​ ហ្សេលេនស្គី​ បាន​ប្រកាស​ថា​រុស្ស៊ី​បាន​ចាប់​ផ្ដើម​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​ ដែល​គេ​រំពឹង​ទុក​ជា​យូរ​មក​ហើយ ដើម្បី​ដណ្ដើម​យក​ភាគ​ច្រើន​នៃ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​របស់​លោក​។

«ឥឡូវ​នេះ​ យើង​អាច​បញ្ជាក់​បាន​ថា​ កងទ័ព​រុស្ស៊ី​បាន​ចាប់​ផ្ដើម​ការ​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​តំបន់​ដុនបាស ដែល​ពួកគេ​បាន​ត្រៀម​ជា​យូរយារ​ណាស់​មក​ហើយ​»​ លោក​ហ្សេលេនស្គី​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​ «ផ្នែក​ដ៏​ធំ​មួយ​នៃ​កង​ទ័ព​រុស្ស៊ី​ទាំង​មូល ឥឡូវ​នេះ​ត្រូវ​បាន​ផ្ដោត​លើ​ការ​លុកលុយ​នេះ»​។

លោក​បន្ថែម​ទៀត​ថា​៖ «មិន​ថា​ទាហាន​ប៉ុន្មាន​នាក់​ត្រូវ​បាន​ជំរុញ​ទៅ​ទីនោះ យើង​នឹង​ការពារ​ខ្លួន។ យើង​នឹង​ប្រយុទ្ធ។ យើង​នឹង​មិន​បោះបង់​អ្វី​មួយ​ជា​អ៊ុយក្រែន​ឡើយ​»។

ការ​លើក​ឡើង​របស់​លោក​ហ្សេលេនស្គី​បាន​កើត​ឡើង​បន្ទាប់​ពី​កង​កម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ មុន​ពេល​ការ​ចាប់​ផ្ដើម​នៃ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​នេះ​។ សារព័ត៌មាន​អ៊ុយក្រែន​បាន​រាយការណ៍​អំពី​ការ​បាញ់​ផ្លោង​នៅ​ទីក្រុង​នានា​នៅ​ជិត​ជួរ​មុខ​នៃ​សមរភូមិ​ដុនបាស​។

មីស៊ីល​រុស្ស៊ី​ចំនួន​បួន​ត្រូវ​បាន​បាញ់​ទៅ​កាន់​ក្រុង​លឺវីវ​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ ធ្វើ​ឱ្យ​មនុស្ស​ ៧ នាក់​ស្លាប់ និង​យ៉ាង​ហោច​ណាស់​របួស​ ១១ នាក់​។ គេ​ក៏​បាន​រាយការណ៍​ថា​ក្រុង​គៀវ និង​កាគៀវ​ផង​ដែរ​។

ប្រធានាធិបតី​រស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ប្រកាស​គោលដៅ​ចូល​កាន់​កាប់​កាន់​តំបន់​ដុនបាស​ ដែល​ជា​តំបន់​ឧស្សាហកម្មដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ហើយ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។ ការ​ចូល​កាន់​កាប់​តំបន់​ដុនបាស​គឺ​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​បង្កើត​ច្រក​ផ្លូវ​គោក​ទៅ​កាន់​ឧបទ្វីប​គ្រីមៀរ​ដែល​ខ្លួន​កាត់​យក​កាល​ពី​ឆ្នាំ​ ២០១៤​៕

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner