លោក​ដូណាល់ ត្រាំ​ និង​ស្ថានភាព​បោះឆ្នោត​ដ៏​លំបាក​របស់​គណបក្ស​សាធារណរដ្ឋ

សម្រាប់​បេក្ខជន​នៃ​ក្រុម​អភិជន​និយម​របស់​គណបក្ស​សាធារណរដ្ឋ​អាមេរិក​ លោក​ដេវី ម៉ាក់ខូមិច​ គឺ​ហាក់​ដូចជា​មាន​ប្រវត្តិរូប​ល្អ​ឥត​ខ្ចោះ​។ លោក​គឺ​ជា​អតីត​និស្សិត​យោធា​នៅ​សាលា​ West Point លោក​គឺ​ជា​អតីត​ទ័ព​ពិសេស​ Ranger ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ Princeton លោក​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​បម្រើ​ការ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ចច ដាប៊ូលយូ បុស ហើយ​ថ្មីៗ​នេះ​លោក​គឺ​នាយក​ប្រតិបត្តិ​នៃ​ Bridgewater Associates ដែល​ជា​មូលនិធិ​វិនិយោគ​ឯកជន​ធំ​ជាង​គេ​ក្នុង​ពិភពលោក​។

ប៉ុន្តែ​កាល​ពី​ខែ​មុន​លោក​ម៉ាក់ខូមិច​ បាន​ប្រកាស​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania ដោយ​ប្រកាន់​យក​ជំហរ​យ៉ាង​ជិត​ស្និត​ជាមួយ​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​។

លោក​ត្រាំ​មិន​បាន​ចូល​រួម​កម្មវិធី​នេះ​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែ​អតីត​មន្ត្រី​ដែល​ស្មោះត្រង់​ជា​ច្រើន​ ដូចជា​អតីត​អ្នក​នាំ​ពាក្យ​សេតវិមាន​លោក​ស្រី​សារ៉ា ហ៊ូកាប៊ី សាន់ដឺរ​ បាន​តម្រង់​ជួរ​នៅ​លើ​ឆាក​កម្មវិធី​ដើម្បី​បង្ហាញ​ថា​លោក​ម៉ាក់ខូមិច​បាន​ទទួល​ការ​គាំទ្រ​របស់​ពួកគេ​ និង​ការ​គាំទ្រ​របស់​លោក​ត្រាំ​។

នៅ​ថ្ងៃ​ដដែល​ បេក្ខជន​មួយ​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ម៉ីម៉េត អហ្ស​ ដែល​ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ និង​ជា​ពិធីករ​នៃ​កម្មវិធី​ «Dr. Oz» ក៏​បាន​ប្រកាស​ប្រជែង​ឈរ​ឈ្មោះ​អាសនៈ​ព្រឹទ្ធសភា​នេះ​ផង​ដែរ​។ កម្មវិធី​ប្រកាស​បេក្ខភាព​របស់​លោក​អហ្ស​ ក៏​មាន​ការ​ចូល​រួម​ពី​មន្ត្រី​របស់​លោក​ត្រាំ​ជា​ច្រើន​ផង​ដែរ​ដូចជា​អតីត​ក្រសួង​ថាមពល​គឺ​លោក​រិក ភីរី​ ក៏​ដូចជា​ប្រភព​ថវិកា​យុទ្ធនាការ​បោះឆ្នោត​ធំៗ​របស់​លោក​ត្រាំ​ផង​ដែរ​ ដូចជា​សេដ្ឋី​ប្រេង​លោក​ហារ៉ូល ហាំម​។

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​ Pennsylvania ខែ​ក្រោយ​ ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ចំណុច​របត់​ដ៏​ធំ​មួយ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ចុង​ឆ្នាំ​នេះ​។ ក្នុង​ឆ្នាំ​ ២០២០ លោក​ចូ បៃដិន​ បាន​យក​ឈ្នះ​លើ​លោក​ត្រាំ​នៅ​រដ្ឋ​នេះ​ ប៉ុន្តែ​ដោយ​គម្លាត​សំឡេង​ដ៏​តូច​ប៉ុណ្ណោះ​។ នៅ​ក្នុង​ព្រឹទ្ធសភា​បច្ចុប្បន្ន​សំឡេង​គឺ​បែកចែក​ស្មើ​គ្នា​ ៥០-៥០ រវាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​អាច​កាន់កាប់​ការ​គ្រប់គ្រង​បាន​ដោយ​សារ​មាន​អនុ​ប្រធានាធិបតី ដែល​ក៏​ដើរ​តួ​ជា​ប្រធាន​ព្រឹទ្ធសភា ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​។ ការ​ជ្រើស​រើស​បេក្ខជន​គណបក្ស​សាធារណរដ្ឋ គឺ​នឹង​សម្រេច​មាគ៌ា​ថា​តើ​គណបក្ស​សាធារណរដ្ឋ​អាច​ដណ្ដើម​ការ​គ្រប់គ្រង​សភា​ជាន់​ខ្ពស់​នេះ​បាន​ឬ​ទេ​។

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នេះ​ក៏​នឹង​ការ​ក្លាយ​ជា​ការ​សាក​ល្បង​ឥទ្ធិពល​របស់​លោក​ត្រាំ​នៅ​ក្នុង​បក្ស​សាធារណរដ្ឋ នៅ​ពេល​ដែល​បេក្ខជន​បក្ស​នេះ​ស្ទើរ​តែ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ក្រាប​លំអោន​កាយ​ដើម្បី​ធានា​ការ​គាំទ្រ​ពី​អតីត​ប្រធានាធិបតី​រូប​នេះ​។

លោក​ម៉ាក់កូមិច និង​លោក​អហ្ស​ គឺ​ជា​បុគ្គល​វណ្ណៈ​អភិជន​ ហើយ​ទើប​តែ​ឈរ​ឈ្មោះ​បោះឆ្នោត​លើក​ដំបូង​ប៉ុណ្ណោះ​។ ពួកគេ​បាន​ប្រកាន់​ខ្ជាប់​នូវ​មនោគមវិជ្ជា​របស់​លោក​ត្រាំ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​បេក្ខជន​នាំមុខ​គេ​ក្នុង​ចំណោម​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​ជឿជាក់​លើ​អន្តរាគមន៍​របស់​លោក​ត្រាំ និង​អ្នក​គាំទ្រ​របស់​លោក​ ជា​ពិសេស​ដោយ​សារ​បញ្ហា​ផ្លូវ​ច្បាប់​ជា​ច្រើន​ដែល​លោក​ត្រាំ​ និង​សម្ព័ន្ធ​គឺ​កំពុង​ប្រឈម​មុខ​ ខណៈ​ពេល​ដែល​មួយ​ចំណែក​ធំ​នៃ​ប្រជាជន​នៅ​បន្ត​មិន​ពេញ​ចិត្ត​ចំពោះ​អតីត​ប្រធានាធិបតី​រូប​នេះ​។

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ បេក្ខជន​ទាំង​ពីរ​នេះ​គឺ​ឈរ​ឈ្មោះ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​កំពុង​ធ្វើ​ពុត​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​។ គេ​ក៏​និយាយ​ថា​យុទ្ធសាស្ត្រ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មិន​សូវ​ល្អ​ ដោយ​សារ​នៅ​រដ្ឋ​ Pennsylvania លោក​ត្រាំ​បាន​ចាញ់​សំឡេង​ឆ្នោត​របស់​លោក​បៃដិន​កាល​ពី​ឆ្នាំ​ ២០២០​។

ប៉ុន្តែ​អ្នក​និយាយ​ថា​យុទ្ធសាស្ត្រ​នេះ​គឺ​ចាំ​បាច់ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ករណី​ដែល​មាន​គូប្រជែង​ច្រើន​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន​។ បើ​តាម​សម័យ​បោះឆ្នោត​មុនៗ​ មាន​តែ​សមាជិក​ស្មោះត្រង់​ខ្លាំង​ប៉ុណ្ណោះ​ ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​បក្ស​។

បើ​ទោះ​បី​ជា​លោក​ត្រាំ​យល់ព្រម​គាំទ្រ​បេក្ខជន​ជាង​ ១០០ នាក់​មក​ដល់​ពេល​នេះ​ គឺ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​លោក​ត្រាំ​នឹង​មិន​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋ​ Pennsylvania បន្ទាប់​ពី​បេក្ខជន​នៅ​រដ្ឋ​នេះ​ដែល​លោក​ប្រកាស​គាំទ្រ​កាល​ពី​ឆ្នាំ​មុន​បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​។

ប៉ុន្តែ​លោក​ត្រាំ​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​អាជីព​របស់​លោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​លោក​ប្រកាស​គាំទ្រ​លោក​អហ្ស​ ធ្វើ​ឱ្យ​វេជ្ជបណ្ឌិត​លើ​កញ្ចក់​ទូរទស្សន៍​រូប​នេះ​មាន​ការ​កើន​ឡើង​ការ​គាំទ្រ​ក្នុង​ដំណាក់​ចុង​ក្រោយ​នៅ​យុទ្ធនាការ​ជ្រើសរើស​បេក្ខជន​បក្ស​។

ការ​ស្ទង់​មតិ​សមាជិក​បក្ស​សាធារណរដ្ឋ មុន​អន្តរាគមន៍​របស់​លោក​ត្រាំ​បាន​បង្ហាញ​ថា​លោក​ម៉ាខូមិច​បាន​ទទួល​ការ​គាំទ្រ​ ២១,៨ ភាគរយ​ ខណៈ​ពេល​ដែល​លោក​អហ្ស​ទទួល​ការ​គាំទ្រ​ ១៧,៦ ភាគរយ​។ ប៉ុន្តែ​តិច​ជាង​មួយ​ខែ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​កើត​ឡើង​ សមាជិក​គណបក្ស​សាធារណរដ្ឋ​ជិត​ពាក់​កណ្ដាល​បាន​និយាយ​ថា​ពួកគេ​នៅ​មិន​ទាន់​សម្រេច​ថា​គាំទ្រ​នរណា​។ នេះ​មាន​ន័យ​ថា​អន្តរាគមន៍​របស់​លោក​ត្រាំ​ហាក់​ដូចជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ពេល​មុនៗ​ទេ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner