អ៊ីស្រាអែល​​និយាយ​​​ថា ​ ​រ៉ុក្កែតត្រូវបាន​​​បាញ់​​ចេញ​​ពី​​តំបន់​​​ហ្កាហ្សា​​ ចំពេល​ភាព​តាន​តឹង​កើន​ឡើង​

កង​ទ័ព​អ៊ីស្រាអែល​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​បាន​ស្ទាក់​ចាប់​គ្រាប់រ៉ុ​ក្កែត​ ដែល​​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ស្ទ្រីប​​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាងត្បូ​ង​នៃ​ប្រទេស​ ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​បន្ទាប់​ពី​ស្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ខណៈ​ភាព​តាន​តឹង​កើន​ឡើង​​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹម​ខាង​កើត​ដែល​អ៊ីស្រាអែល​កាន់​កាប់​។​

ក្រុម​ខាង​ប៉ាឡេស្ទីន​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​ទេ​ ហើយ​នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ​ ក៏​គ្មាន​របាយ​ការណ៍​អំពី​អ្នក​ស្លាប់​ ឬ​ការ​ខូច​ខាត​ដែរ​។​ ​​មុន​ពេល​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កើត​ឡើង​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ Naftali Bennett ​​ចោទ​ប្រកាន់​ក្រុម​ហាម៉ាស់​ ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា ​ថា​​ធ្វើ​យុទ្ធនាការ​យាយី​​ ប្រឆាំង​នឹង​អ៊ីស្រាអែល​។​

ភាព​តាន​តឹង​​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹម​ខាង​កើត​ កើត​ឡើង​បន្ទាប់​ពី​កង​កម្លាំង​អ៊ីស្រាអែល​​វាយ​ឆ្មក់​វិហារ​អ៊ិស្លាម​ Al-Aqsa ​​​ជា​ច្រើន​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ដោយ​ចាប់​ខ្លួន​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់ ​និង​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​ ហើយ​ក្រុម​ហាម៉ាស់​របស់​ប៉ាឡេស្ទីន​ ព្រមាន​ថា​ ឧប្បត្តិហេតុ​ណា​មួយ​នៅ​ក្នុង​បរិវេណ​វិហារ​នេះ​ ​នឹង​ក្លាយ​ជា​ «​បន្ទាត់​ក្រហម​»​។

ប៉ាឡេស្ទីន​​ចោទ​​អ៊ីស្រាអែល​​ពី​​ការ​​ទន្ទ្រាន​​យក​​វិហារ​ Al-Aqsa ​ក្នុង​​អំឡុង​​ខែ​​បុណ្យ​​រ៉ាម៉ាដន​​របស់​​មូស្លីម​។ ប៉ុន្តែ​អ៊ីស្រាអែល​និយាយ​ថា​ បាតុករ​ប៉ាឡេស្ទីន​ព្យាយាម​រំខាន​ការ​អធិស្ឋាន​របស់​មូស្លីម​ដើម្បី​ការ​បញ្ចប់​ផ្នែក​នយោបាយ​ និង​ដើម្បី​ទប់​ស្កាត់​ការ​មក​លេង​របស់​ជន​ជាតិ​យូដា​ ដែល​កំពុង​ប្រារព្ធ​ពិធី​ «​បុណ្យ​រំលង​»​។​

តំបន់​នៃ​វិហារ​ដែល​កំពុង​មាន​ភាព​តាន​តឹង​នេះ​ គឺ​ជា​កន្លែង​សក្ការៈ​បូជា​របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ និង​ជន​ជាតិ​យូដា​។ ​ហើយ​ប៉ូលិស​អ៊ីស្រាអែល​​និយាយ​ថា​ ពួក​គេ​ប្តេជ្ញា​ធានា​ថា​ សមាជិក​នៃ​សាសនា​ទាំង​អស់អា​ច​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដោយ​សុវត្ថិភាព​។​

យ៉ាង​ណា​មិញ​ អេហ្ស៊ីប​ និង​ហ្ស៊កដានី​ ដែល​​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​​ និង​ជា​អ្នក​សម្រប​សម្រួល​​​លើ​បញ្ហា​សន្តិសុខ​ ​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​កង​កម្លាំង​អ៊ីស្រាអែល​នៅ​​វិហារ​ដ៏​ពិសិដ្ឋ​ ដោយ​វា​ធ្វើ​ឱ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព​ក្នុង​តំបន់​នោះ​។​

​កាលពី​ថ្ងៃ​សុក្រ​ ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ ១៥២ នាក់​ បាន​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ប៉ូលិស​អ៊ីស្រាអែល​ក្នុង​បរិវេណ​វិហារ​ Al-Aqsa ​ដែល​​បង្កើន​ការ​ភ័យ​ខ្លាច​នៃ​ការ​រុញ​ច្រាន​ ត្រឡប់​ទៅ​រក​ជម្លោះ​កាន់​តែ​ខ្លាំង​។​ ភាព​តាន​តឹង​កើន​ឡើង ​ក្រោយ​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជាច្រើន​ខែ​ បន្ទាប់​ពី​អំពើ​ហិង្សា​កាល​ពី​ឆ្នាំមុ​ន ​ដែល​រាល​ដាល​ពី​ការ​វាយ​ប្រហារ​​របស់​កង​កម្លាំង​អ៊ីស្រាអែល​លើ​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​​បណ្តេញ​ជន​ជាតិ​ប៉ាឡេស្ទីន​​​ពី​ផ្ទះ​ នៅ​​សង្កាត់​ Sheikh Jarrah ​ក្នុង​​​ក្រុង​​ហ្សេរុយសាឡឹម​ខាង​កើត​​​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner