ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។
គម្រោងសាងសង់សំណង់ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៤លើកហើយ។ តាមរយៈគម្រោងទាំង៤លើកនេះ បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក។ គម្រោងនេះ ក៏ជាគម្រោងដ៏សំខាន់មួយក្នុងការការពារ និងរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញផងដែរ៕ ដោយ វណ្ណលុក