សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីវិធីសាស្ត្រយកលុយជប៉ុន សងជប៉ុន និងកសាងកម្ពុជា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីវិធីសាស្ត្រដែល ជប៉ុនជួយដល់កម្ពុជា ក្នុងការដោះបំណុលរបស់ខ្លួន គឺ ជាការយក លុយជប៉ុន សងជប៉ុន និងកសាងកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយរបស់រដ្ឋា ភិបាលជប៉ុន តាមរយៈភ្នាក់ងារចៃកា( JICA )នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាម បំណុលកម្ពុជា ដែលបានខ្ចីពីជប៉ុន ក្នុងអំឡុងរដ្ឋបាលលោក លន់ នល់ បានកើនឡើងទ្វេដង បូករួមទាំងប្រាក់ ពិន័យថែមទៀត ដែលពេលនោះជប៉ុនបានសម្រេចឈប់ឱ្យកម្ពុជាខ្ចីលុយថែមទៀត។
សម្ដេចបន្ថែមថា ជប៉ុន បានបដិសេធសំណើរលុបបំណុលរបស់កម្ពុជា តែមានវិធីសាស្ត្រមួយដែល ធ្វើឱ្យកម្ពុជា អាចដោះបំណុលបាន គឺការយកសម្ភារៈជប៉ុនមកលក់ យកលុយដាក់ក្នុងគណនី សង ជប៉ុនវិញ។
សម្ដេចតេជោ បានបញ្ជាក់ថា ជប៉ុន មិនបានយកលុយដែលកម្ពុជាសងនោះទេគឺបានទុកឱ្យកម្ពុជា យកលុយមកអភិវឌ្ឍន៍ជាតិវិញថែមទៀត។សម្ដេច ក៏បានអរគុណជប៉ុន ដែលបានជួយដល់កម្ពុជា តាំងពីកម្ពុជា ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកដល់បច្ចុប្បន្ន៕ ដោយ៖ វណ្ណលុក