សម្តេចតេជោ ហ៊ុន សែន៖ ភ្នំពេញ បច្ចុប្បន្ន មានការកកស្ទះចរាចរណ៍ និងមានសំរាមច្រើន ខុសគ្នាពីសម័យប្រល័យពូជសាសន៍ប៉ុល ពត
ភ្នំពេញ៖ ទីក្រុងភ្នំពេញបច្ចុប្បន្ន មានការកកស្ទះចរាចរណ៍ និងមានសំរាមច្រើនដោយសារតែមាន មនុស្សរស់នៅច្រើន និងមានអាហារបរិភោគគ្រប់បែបយ៉ាង ខុសគ្នាពីសម័យប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធី សម្ពោធសមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានី ភ្នំពេញ ជំហានទី៤ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារចៃកា( JICA) នៅព្រឹកថ្ងៃ ពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នេះ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ខិតខំប្រឹងប្រែងខ្លាំងណាស់ ចាប់តាំង ពី ថ្ងៃរំដោះ ៧មករា ១៩៧៩មក ដោយដៃម្ខាងការពារមិនឱ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មក វិញ និងដៃម្ខាងទៀតកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យរហូតដល់យើងមានអ្វីៗដូចសព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញ មានការកកស្ទះ ចរាចរណ៍ និងមានសំរាមច្រើនដោយសារតែមានមនុស្សរស់នៅច្រើន និងមានអាហារបរិភោគគ្រប់ បែបយ៉ាង ខុសគ្នាពីសម័យប្រល័យពូជសាសន៍ប៉ុល ពត។សម្តេច ក៏បានគូសបញ្ជាក់ដែរថា ដូច្នេះហើយ កម្ពុជា យើងត្រូវតែបន្តខិតខំថែមទៀត តាមរយៈការសុំជំនួយពីមិត្ត កម្ចីពីបរទេស និងការវិនិយោគដោយខ្លួនឯងផ្ទាល់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋយើង៕ ដោយ៖ វណ្ណលុក