សម្ដេចតេជោ ហ៊ុន សែន៖ ក្រោមជំនួយរបស់ជប៉ុនធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោមជំនួយរបស់ជប៉ុន ធ្វើឱ្យកម្ពុជា កែលំអ ប្រព័ន្ធ ប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅក្នុងរាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ នៅក្នុងពិធីសម្ពោធ សមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយចូលឆ្នាំ យើងទទួលបានសម្ពោធ សមិទ្ធផលថ្មីកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ។ សម្តេចតេជោ បានបន្តថា គម្រោងអភិវឌ្ឍន៍នៅភ្នំពេញ ថ្វីដ្បិតតែអស់ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ ប្រជាពលរដ្ឋ ជាពិសេស ការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន បានធ្វើឱ្យកម្ពុជា កែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ដែលបានជួយសម្រួល បញ្ចៀសការជន់លិចនៅក្នុងរាជធានីភ្នំពេញ ៕ ដោយ៖វណ្ណលុក