ប្រមុខ​ UN ​​​ស្នើ​​មេ​ដឹក​នាំ​រុស្ស៊ី​ និង​អ៊ុយក្រែន​ ឱ្យ​ជួប​លោក​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​ពិភាក្សា​រក​សន្តិភាព​

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ អង់តូនីញ៉ូ​ ហ្គូតែរ៉េស​ (António Guterres) បាន​ស្នើ​​មេ​ដឹក​នាំ​រុស្ស៊ី​លោក​ វ៉្លាឌីមៀ ​ពូទីន​ និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី​ ឱ្យ​ទទួល​លោកដោយ​ដាច់​ដោយ​ឡែក​ពី​គ្នា​​ ដើម្បី​ពិភាក្សា​អំពី​ជំហាន​​សន្តិភាព​ ខណៈ​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​បន្ត​អូស​បន្លាយ​។​ ​

អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជា​ជាតិ​ លោក ​Stephane Dujarric ​​និយាយ​ថា​ សំបុត្រ​ផ្សេង​គ្នា​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ និង​អ៊ុយក្រែន​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ ដោយ​ស្នើ​សុំ​ឱ្យ​លោក​ ពូទីន ​ទទួល​លោក​ ហ្គូតែរ៉េស​ នៅ​ទីក្រុង​ម៉ូស្គូ​ ​​ដូច​គ្នា​នឹង​លោក​ ហ្សេឡេនស្គី ​នៅ​ទីក្រុង​កៀវ​។​

លោក​ Dujarric ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​​ថា​៖​ «​អគ្គលេខាធិការ​​និយាយ​ថា​ នៅ​ពេល​គ្រោះ​ថ្នាក់​ និង​ផល​វិបាក​ដ៏​ធំ​ធេង​នេះ​ លោក​ចង់​ពិភាក្សា​អំពី​ជំហាន​បន្ទាន់​ដើម្បី​នាំ​មក​នូវ​សន្តិភាព​​ក្នុង​ប្រទេស​អ៊ុយក្រែន​ និង​អនាគត​នៃ​ពហុភាគី​​ ដោយ​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​»​។​ ​

សំណើ​ជំនួបផ្សេ​ងគ្នា​​ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក ​ហ្គូតែរ៉េស ​​អំពាវ​នាវ​កាល​ពី​ថ្ងៃ​អង្គារ​ឱ្យ​ផ្អាក​ការ​បាញ់​គ្នា​ចំនួន​៤​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​អេស្ទឺរ​អូស្សូដក់​​ចុង​សប្ដាហ៍​នេះ ​ដើម្បី​ជម្លៀស​ប្រជាជន​​ក្នុង​តំបន់​ជម្លោះ​ចេញ​ និង​បញ្ចូន​​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​តំបន់ដែ​លរ​ង​គ្រោះ​ខ្លាំង​។​

លោក​ ហ្គូតែរ៉េស ​និយាយ​ថា​ ​មនុស្ស​ជាង​ ១២ ​លាន​នាក់​នៅ​អ៊ុយក្រែន​ កំពុង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​​ ខណៈ​ទិន្នន័យ​​ UN ​គិត​ត្រឹម​ដើម​សប្ដាហ៍​​ បង្ហាញ​ថា​ ជន​ស៊ីវិល​ចំនួន​ ២ ០៧២ ​នាក់​បាន​ស្លាប់​ និង​ជាង​ ២ ៨០០ ​នាក់​បាន​រង​របួស​ ហើយ​ចំនួន​ពិត​ប្រាកដ​អាច​នឹង​ច្រើន​ជាង​នេះ​។​

នា​ពេល​នេះ​ រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​លុក​នៅ​តំបន់​ភាគ​ខាង​កើត​ និង​ខាង​ត្បូង​អ៊ុយក្រែន​ ដែល​ធ្វើ​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​ ក្រោម​លេស​រំដោះ​ពួក​ប៉ះបោរ​ដែល​ខ្លួន​គាំទ្រ​នៃ​តំបន់​ដុនបាស ​រួម​មាន​សាធារណ​រដ្ឋ​ដុនណែតស៍​ និង​លូហានស្ក៍​។​ លោក​ ​ហ្សេឡេនស្គី ​និយាយ​ថា​ សមរភូមិ​នៅ​តំបន់​ដុនបាស​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​។​ ​

គិត​ត្រឹម​ថ្ងៃ​ពុធ​​ មន្រ្តី​ប្រចាំ​តំបន់​លូហានស្ក៍​និយាយ​ថា​ ​រុស្ស៊ី​កាន់​កាប់​តំបន់​នេះ​ជាង​ ៨០ ​ភាគ​រយ​។​ ជ័យ​ជម្នះ​របស់​រុស្ស៊ី​នៅដុ​នបាស​ នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​ឧស្សាហកម្ម​​អ៊ុយក្រែន​ដែល​ប្រមូល​ផ្តុំ​នៅ​ទីនោះ​ រួម​ទាំង​អណ្តូង​រ៉ែ ​រោងចក្រ​លោហៈ ​និង​រោងចក្រ​ឧស្សាហកម្ម​ធុន​ធ្ងន់​ជាច្រើន​ទៀត​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner