រដ្ឋមន្ត្រីការពារជាតិអាមេរិក ជួបពិភាក្សាដំបូងជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកឡូយដ៍ អូស្ទីនបានជួបពិភាក្សាជាលើកដំបូងជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន បន្ទាប់ពីក្រុងប៉េកាំងបានបដិសេធម្ដងហើយម្ដងទៀតនូវសំណើឱ្យរៀបជំនួបជាមួយសមភាគីឋានៈស្មើគ្នា ដែលពិតប្រាកដមិនមែនជារដ្ឋមន្ត្រីការពារជាតិចិនទេ ប៉ុន្តែគឺឧត្ដមសេនីយ៍ជាន់ខ្ពស់មួយរូបរបស់គណបក្សកុម្មុយនិស្តចិន។
កាលពីថ្ងៃអង្គារលោកអួស្ទីនបាននិយាយទូរស័ព្ទជាមួយលោកឧត្ដមសេនីយ៍វ័យ ហ្វឹង ដែលជាជំនួបយោធាជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីលោកចូ បៃដិនចូលកាន់តំណែងកាលពី ១៥ ខែមុន។
លោកអូស្ទីនដើមឡើយបានធ្វើសំណើជាច្រើនលើកដើម្បីជួបជាមួយលោកឧត្ដមសេនីយ៍ស៊ូ ឃីលាង អនុប្រធានគណៈកម្មការកណ្ដាលយោធានៃគណបក្សកុម្មុយនិស្តចិន ដោយលោកគឺជាមន្ត្រីយោធាជាន់ខ្ពស់បំផុតទីពីរ បន្ទាប់ពីអគ្គលេខាបក្ស និងប្រធានគណៈកម្មការកណ្ដាលយោធាលោកស៊ី ជីនពីង។ ក្រសួងការពារជាតិអាមេរិកបានចាត់ទុកលោកស៊ូ ថាជាសមភាគីសមស្របសម្រាប់ជួបជាមួយលោកអូស្ទីន។
ប្រភពក្នុងរដ្ឋាភិបាលអាមេរិកបាននិយាយថាចិនបានច្រានចោលសំណើជួបជាមួយលោកស៊ូ។ ប្រភពនេះបានបញ្ជាក់ថាភាគីអាមេរិកគឺជាអ្នកស្នើឱ្យជួបជាមួយលោកវ័យវិញ ដែលប្រទេសចិនចាត់ទុកថាមានឋានស្មើនឹងលោកអូស្ទីន។
ការហៅទូរស័ព្ទនេះធ្វើឡើងនៅពេលដែលភាពតានតឹងកើនឡើងរវាងយោធាទាំងពីរលើអ្វីៗគ្រប់យ៉ាង ចាប់តាំងពីសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង និងជំហរជុំវិញការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ FT