រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកខាងលិចដើរចេញពីកិច្ចប្រជុំ G20 បន្ទាប់ពីរុស្ស៊ីចាប់ផ្ដើមការថ្លែងសុន្ទរកថា
កាលពីថ្ងៃពុធ ទី២០ មេសារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួនបានដើរចេញពីសម័យប្រជុំបិទទ្វារនៅក្រុងវ៉ាស៊ីនតោននៃក្រុមប្រទេស G20 នៅពេលដែលគណៈប្រតិភូរុស្ស៊ីចាប់ផ្ដើមការថ្លែងសុន្ទរកថារបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រីចាណេត យេលេន បានចូលរួមក្នុងការដើរចេញ ហើយក៏រួមមានមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ដទៃទៀតពីបណ្ដាប្រទេសអឺរ៉ុប និងលោកខាងលិចផងដែរ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាលោកស្រីគ្រីស្ត្យា ហ្វ្រីលេន បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «លទ្ធិប្រជាធិបតេយ្យរបស់ពិភពលោកនឹងមិនឈរនៅស្ងៀមឡើយ នៅចំពោះមុខការបន្តការឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី»។ លោកស្រីបានបង្ហោះរូបថតនៃមន្ត្រីដែលបានចាកចេញកិច្ចប្រជុំ ដែលរួមមានលោកស្រីយេលេន ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិកលោកជេរ៉ូម ប៉ូវែល និងប្រធានធនាគារកណ្ដាលអឺរ៉ុបលោកស្រីគ្រីស្ទីន ឡាហ្កាដ។ មន្ត្រីអ៊ុយក្រែនក៏បានចូលរួមកិច្ចប្រជុំនេះដែរក្នុងនាមជាភ្ញៀវត្រូវបានអញ្ជើញ ហើយក៏បានដើរចេញនៅពេលដែលរុស្ស៊ីបានចាប់ផ្ដើមការថ្លែង។
កាលពីដើមខែនេះ លោកស្រីយេលេនបាននិយាយថាលោកស្រីបានប្រាប់ឥណ្ឌូនេស៊ី ដែលជាប្រធាន G20 ថាលោកស្រីនឹងមិនចូលរួមសម័យប្រជុំណាមួយដែលមានការចូលរួមដោយរុស្ស៊ី។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេស G20 បានប្រមូលផ្ដុំគ្នានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្ដាហ៍នេះ ដើម្បីរៀបចំកិច្ចប្រជុំឱ្យស្របពេលជាមួយកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ខណៈពេលដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិននិយាយថារុស្ស៊ីមិនគូរបន្តជាសមាជិក G20 ទៀតទេ ការបណ្ដេញក្រុងម៉ូស្គូនឹងត្រូវការការគាំទ្រពីសមាជិកទាំងអស់។ រឿងនេះមិនទំនងនឹងកើតឡើងខណៈពេលដែលប្រទេសចិននិយាយថាខ្លួននឹងមិនគាំទ្រការបណ្ដេញរុស្ស៊ីចេញនោះទេ៕

ប្រភព៖ CNN