លោក​ ម៉ាក្រុង ​វាយ​ប្រហារ​គូ​ប្រជែង​អ្នក​ស្រី​ ឡឺប៉ែន ​ចំពោះ​ទំនាក់​ទំនង​នឹង​រុស្ស៊ី​ និង​ការ​ប្ដេជ្ញាបិ​ទ​​ហ៊ីចាប​របស់​មូស្លីម​

ប្រធានាធិបតី​បារាំង​លោក​ អេម៉ាណូអែល ​ម៉ាក្រុង​ (Emmanuel Macron) ​បាន​វាយ​ប្រហារ​គូ​ប្រជែង​របស់​ខ្លួន​ អ្នក​ស្រី​ ម៉ារីន​ ឡឺប៉ែន​ ដែល​ជា​បេក្ខជន​ស្ដាំ​និយម​ ក្នុង​ការ​ជជែក​ដេញ​ដោល​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ពុធ​ លើ​​ទំនាក់​ទំនង​របស់​អ្នកស្រី​ជាមួយ​រុស្ស៊ី​ និង​ការ​ប្ដេជ្ញា​ហាម​ឃាត់​ការ​ពាក់​ហ៊ីចាប​របស់​ស្រ្តី​មូស្លីម​​​នៅ​ទីសាធារណៈ​។​

ការ​វាយប្រ​ហារ​ខ្លាំង​ៗ​បែប​នេះ​ ធ្វើ​ឡើង​ទល់​មុខ​គ្នា​ ដើម្បី​ទាក់​ទាញ​សម្លេង​គាំទ្រ​ ខណៈ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ចុង​ក្រោយ ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​។​ ​

លោក​ ម៉ាក្រុង ​​និយាយ​​​ថា ​ផែនការ​ហាម​ឃាត់​ស្រ្តី​មូ​ស្លីម​មិន​ឱ្យ​ពាក់​ហ៊ីចាប​នៅ​ទីសាធារណៈ​របស់​អ្នក​ស្រី ​ឡឺប៉ែន ​ដែល​ជា​អ្នក​ប្រឆាំង​អន្តោ​ប្រវេសន៍​ ​នឹង​បង្ក​ឱ្យ​មាន​ «​សង្គ្រាម​ស៊ីវិល​»​ នៅ​បារាំង​ ដែល​ជា​ប្រទេស​មាន​​ម៉ូស្លីម​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​ខាង​លិច​។​​ ប៉ុន្តែ​អ្នក​ស្រី​ ឡឺប៉ែន​ និយាយ​ថា​ លោក​ ម៉ាក្រុង ​ធ្វើ​ឱ្យ​សង្គម​បារាំង​មាន​ការ​បែង​ចែក​ជា​ខ្លាំង​ ដោយ​លើក​ឡើង​ពី​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​មុន​កូវីដ-១៩​ ជា​ដើម​។​

លើស​ពី​នេះ​ លោក ​ម៉ាក្រុង ​លើក​ឡើង​ពី​ប្រាក់​កម្ចី​ ដែល​គណបក្ស​អ្នក​ស្រី​ ឡឺប៉ែន ​ខ្ចី​​ចំនួន​ ៩,៨ ​លាន​ដុល្លារ​ពី​ធនាគារ​​ឆេក-រុស្ស៊ី​ First Czech-Russian Bank ​ក្នុង​ឆ្នាំ​ ២០១៤ ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រី​ពិបាក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​រុស្ស៊ី។​ លោក ម៉ា​ក្រុង ​ប្រកែក​ថា​ បំណុល​នឹង​ក្លាយ​ជា​ចំណង​របស់​អ្នក​ស្រី​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក​ វ៉្លាឌីមៀ​ ពូទីន​ ​ប្រសិន​បើ​អ្នក​ស្រី​ឈ្នះ​ការ​បោះឆ្នោត។​ 

លោក​ ម៉ាក្រុង ​និយាយ​ថា​៖​ ​​«​អ្នក​មិន​អាច​ការពារ​ផល​ប្រយោជន៍​​បារាំង​​ត្រឹម​ត្រូវ​លើ​ប្រធាន​បទ​នេះ​ទេ​ ព្រោះ​ផល​ប្រយោជន៍​របស់​អ្នក​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ​នឹង​មហាអំ​ណាច​រុស្ស៊ី​»​។​ លោក​បន្ត​ថា​៖​ «​​អ្នក​ពឹង​ផ្អែក​លើ​អំណាច​របស់​រុស្ស៊ី​ ហើយ​​ពឹង​ផ្អែក​លើ​លោក​ពូទីន​»​។​

ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​បែប​នេះ​ អ្នក​ស្រី​ ឡឺបែន ​និយាយ​ថា​ អ្នក​ស្រី​​មាន​​សេរីភាព​​ទាំង​ស្រុង​ ហើយ​​​និយាយ​​​ថា​ លោក​ ម៉ាក្រុង​ «​ដឹង​​យ៉ាង​​ច្បាស់​​ថា​​​អ្វី​​ដែល​លោក​​និយាយ​​​គឺ​​មិន​​ពិត​»​។ អ្នក​ស្រី​បន្ត​ថា​ គណបក្ស​​របស់​អ្នក​ស្រី​​កំពុង​​សង​​ប្រាក់​​កម្ចី​​នោះ​ ហើយ​​​​​ហៅ​លោក​ ម៉ាក្រុង​ ថា​ «​​មិន​​ស្មោះត្រង់​​​»​ ​ចំពោះ​ការ​លើក​ឡើង​ពី​បញ្ហា​នេះ​ ខណៈ​អ្នក​ស្រី​ផ្ដោត​លើ​បញ្ហា​តម្លៃ​នៃ​ការ​រស់​នៅ ​ដែល​ប្រជាជន​បារាំង​កំពុង​ប្រឈម​មុខ​ខ្លាំង​។​ ​

យ៉ាង​ណា​មិញ​ ប៉ុន្មាន​ម៉ោង​មុន​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ពុធ​ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រុស្ស៊ី​ ដែល​កំពុង​ជាប់​ពន្ធនាគារ​លោក​ Alexei Navalny ​​បាន​លើក​ឡើង​ពី​បញ្ហា​ប្រាក់​កម្ចី​ ដោយ​ថា​ ធនាគារ​ First Czech-Russian Bank ​ជាប់​ទាក់​ទង​នឹង​លោក​ ពូទីន ​ហើយ​ជា​ «​ភ្នាក់ងារ​លាង​លុយ​ដ៏​ល្បី​មួយ​»​ ប៉ុន្តែ​មិន​បានប​ង្ហាញ​ភស្តុតាង​នោះ​ទេ​។​ លោក​ Navalny ​និយាយ​ថា​ ប្រាក់​កម្ចី​នឹង​ធ្វើ​ឱ្យ​បារាំង​គ្រោះ​ថ្នាក់​ ប្រសិន​បើ​អ្នក​ស្រី​ ឡឺប៉ែន ​ឈ្នះ​ឆ្នោត​។​ ​

ការ​ស្ទង់​មតិ​នានា​បង្ហាញ​ថា​ សម្លេង​គាំទ្រ​ លោក ម៉ាក្រុង ​ដែល​ជា​អ្នក​កណ្ដាល​និយម​ និយម​អឺរ៉ុប​ កំពុង​កើន​ឡើង​។​ យ៉ាង​ណា​មិញ​ ​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ការ​ប្រកៀក​ប្រកើយ​គ្នា​ ជាង​អាណត្តិ​មុន​។​ ​បេក្ខជន​ទាំង​២​ត្រូវ​តែ​ពង្រីក​​សម្លេង​របស់​ខ្លួន​ ខណៈ​ពលរដ្ឋ​បារាំង​ជា​ច្រើន​ ជា​ពិសេស​ពួក​ឆ្វេង​និយម​ ​នៅ​តែ​មិន​ប្រកដ​ថា​ទៅ​បោះ​ឆ្នោត​ឬ​​អត់​​​។  ​

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner