អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន
ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធនៅអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី21 ខែមេសា ឆ្នាំ2022 ។
ឯកឧត្តម អគ្គាធិការ បានលើកឡើងពីទម្រង់លិខិតកំពុងប្រើប្រាស់ក្នុងអគ្គាធិការដ្ឋានមានលក្ខណៈល្អប្រសើរហើយ រួមទាំងការរៀបចំខ្លឹមសារផងដែរ គ្រាន់តែមិនទាន់មានទម្រង់តែមួយដូចៗគ្នានៅឡើយតាមនាយកដ្ឋានចំណុះ ហេតុនេះក្នុងអង្គភាពតែមួយ គួរណាស់តែប្រើប្រាស់ទម្រង់លិខិតតែមូយដូចគ្នា លើកលែងតែខ្លឹមសារនៃលិខិតអាស្រ័យតាមភាពជាក់ស្តែង។
ឯកឧត្តម អគ្គាធិការ បានក្រើនរំលឹករាល់របាយការណ៍ដែលរាជធានីខេត្ត បំភ្លឺមកក្រសួងមហាផ្ទៃត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដើម្បីមានមូលដ្ឋានពិនិត្យផ្ទៀងផ្ទាត់ និងស្នើប្រធាននាយកដ្ឋានជំនាញ ជាពិសេសអគ្គាធិការរងទទួលបន្ទុក ត្រូវពិនិត្យវិភាគខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានម៉ត់ចត់ មិនមែនចេះតែផ្អែកតាមការបំភ្លឺរបស់រាជធានី ខេត្តនោះទេ បើក្នុងករណីមិនសមស្រប ឬខុសពីកម្មវត្ថុឬខ្លឹមសារឱ្យបំភ្លឺនោះ ប្រធាននាយកដ្ឋានជំនាញ ជាពិសេសអគ្គាធិការរងទទួលបន្ទុក អាចលើកយោបល់ថាតើគួរចុះអង្កេតជាក់ស្តែង ឬក្រើនរំលឹកឱ្យបំភ្លឺម្តងទៀត។
ឯកឧត្តម អគ្គាធិការ ក៏បានលើកឡើងពីការងាររដ្ឋបាល ការចាត់ចែងសំណុំរឿងឬបណ្តឹង និងវគ្គបណ្តុះបណ្តាល។ សម្រាប់វគ្គបណ្តុះបណ្តាលវិញ សូមប្រធាននាយកដ្ឋានសហការជាមួយអគ្គាធិការរងទទួលបន្ទុក ត្រូវពិនិត្យថាតម្រូវការវគ្គបណ្តុះបណ្តាលអីខ្លះដើម្បីឆ្លើយតបឱ្យត្រូវនឹងតម្រូវការទំហំការងារ វិស័យការងារ និងសមត្ថភាពរបស់មន្ត្រី។ បើចាំបាច់អាចអញ្ជើញគ្រូ ឬអ្នកជំនាញពីខាងក្រៅអង្គភាព មកបង្ហាត់បង្ហាញដល់មន្ត្រី ដែលការបណ្តុះបណ្តាលជាការយកចិត្តទុកពីថ្នាក់ដឹកនាំក្រសួង ជាពិសេស សម្តេចក្រឡាហោម លោកតែងតែចង្អុលបង្ហាញ លើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីព្រោះការបង្កើនចំណេះដឹង សមត្ថភាពជារឿងសំខាន់ ដើម្បីប្រែក្លាយជាធនធានមួយមានសក្កានុពល និងប្រសិទ្ធភាពការងារតាមអង្គភាព។
បន្ទាប់ពីអង្គប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់បានជាធាតុចូលមួយចំនួនមក ឯកឧត្តម អគ្គាធិការបានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង ដឹកនាំប្រធាននាយកដ្ឋាន និងមានការចូលរួមពីអគ្គាធិការរងទទួលបន្ទុក មន្ត្រីពាក់ព័ន្ធ ប្រជុំពិនិត្យពិភាក្សាពីទម្រង់លិខិតនេះបន្ថែមទៀត ដើម្បីឱ្យបានកាន់តែល្អប្រសើរមួយអន្លើទៀត។
ឯកឧត្តមអគ្គាធិការបានថ្លែងការអរគុណ ចំពោះ ឯកឧត្តម អស់លោក ដែលបានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងសូមជូនពរជោគជ័យការងារថ្មីៗ ព្រមទាំងទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ-រ៉ាវុធ






