បងប្អូនខ្មែរឥស្លាមចំនួន ៣០០គ្រួសារ ទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ មកចែកជូនបងប្អូនខ្មែរឥស្លាមចំនួន៣០០គ្រួសារ ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវិហារឥស្លាម ក្នុងឃុំសេដា ស្រុកតំបែរ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។

មានមតិសំណេះសំណាល ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនខ្មែរឥស្លាមជួបតែស្លាម៉ាត់ ពីរ៉ាកាត់ អាហ្វីយ៉ាត់ និងរ៉ស់មាត់ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ និងកោតសរសើរចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាល ស្រុក ឃុំ និងសប្បុរសជនដែលបានរួមចិត្ត គំនិត សហការគ្នារៀបចំពិធីនេះឡើងក្នុងន័យចូលរួមគោរពប្រណិបត្តិតាមប្រពៃណី និងទំនៀមទំលាប់របស់បងប្អូនខ្មែរឥស្លាម។ ក្រៅពីអំណោយជាកញ្ចប់អាហារ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបានក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋាន ជាពិសេសឃុំសេដា តាមរយ:ការគិតគូ យកចិត្តទុកដាក់ចុះដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ចាស់ជរាគ្មានទីពឹង ការអនុវត្តគោលនយោបាយ ក៣ និងគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ការពារ ការរៀបចំមណ្ឌលចត្តាឡីស័ក និងការយកចិត្តទុកដាក់មើលថែទាំសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យបងប្អូនទៅចាក់វ៉ាក់សាំងការពារ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនខ្មែរឥស្លាម យកអស់ស្មារតីអនុវត្តគោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ឆន្ទ:រួមសាមគ្គីគ្នាក្នុងនាមជា មហាគ្រួសារខ្មែរឥស្លាមរស់ក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តម វេង សាខុន បានសំណូមពរឲ្យបងប្អូនខ្មែរឥស្លាមរួមសាមគ្គីគ្នាថែរក្សា ការពារសន្តិភាព ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងជាពិសេសមិនត្រូវចូលរួម ជាដាច់ខាតនូវរាល់សកម្មភាពផលិត ចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព។ ខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តកូន ចៅឲ្យទៅសាលា សិក្សារៀនសូត្រ ដើម្បីអនគតរបស់ពួកគេ និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕ ក្រសួងកសិកម្ម

ads banner