សម្តេចតេជោ ហ៊ុន សែន ឯកភាពចំពោះការអញ្ជើញមេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅទស្សនកិច្ចនៅប្រទេសឡាវ 

ភ្នំពេញ៖ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ។ 

ការស្នើរបស់នាយករដ្ឋមន្ត្រីឡាវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងកូម៉ាម៉ូតូប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឯកភាព ហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែលឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតមេបញ្ជាការកងទ័ពជើងគោក របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ 

ដោយ៖ពល​ជ័យ

ads banner