ខេត្តបន្ទាយមានជ័យ រៀបចំប្រឡងវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក ២០០១-២០២២ ដល់សមណៈបេក្ខជន, បេក្ខជន/នារី
បន្ទាយមានជ័យ៖ ដោយទទួលបានការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២២ បានសហការជាមួយសាលាគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ និងទទួលបាននូវអនុសាសន៍ណែនាំអនុញ្ញាតពីឯកឧត្តមអភិបាលខេត្តដើម្បីរៀបចំ ការប្រឡងថ្នាក់ ត្រី ទោ ឯក ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ពិធីប្រឡងប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះគ្រូ ធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ ព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការប្រលងធម្មវិន័យឆ្នាំនេះមាន សាមណៈសិស្ស សិស្សដែលជាបេក្ខជន /នារីចំនួន ១.៦៩១អង្គ/នាក់ ដែលបាន និមន្ត និង អញ្ជើញពីតាមបណ្តាវត្តនានា ក្នុងក្រុងស្រុកទាំង៩ មកចូលរួមប្រឡង ។
លោក បៀវ ថាន បានបន្តថា វិញ្ញាសារការប្រឡងមានចំនួន៤ មុខវិជ្ជា។ពេលព្រឹកមាន០៧វិញ្ញាសា គឺវិញ្ញាសាប្រជុំកងធម៌ និងវិញ្ញាសាពុទ្ធប្បវត្តិ។
ពេលរសៀលមាន០២វិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យ វិញ្ញាសាសាសនសុភាសិត។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុងស្រុក ជាពិសេសមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។ ជាពិសេសក្នុងដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលនីតិកាលទី០៦នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សបានក្លាយជាអាទិភាពទីមួយនៅក្នុងគោលដៅយុទ្ធសាស្ត្រអប់រំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាពសីលធម៌មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា ជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ ពោលគឺដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈ និងការព្យាយាមសម្រាប់សិក្សារៀនសូត្រ ។
សូមបញ្ជាក់ថានៅក្នុងការប្រឡងវិញ្ញាថ្ងៃនេះ លោក ស សុខា និងលោកស្រីកែសួន សុភី ព្រមទាំងបុត្រាបុត្រី តាមរយៈ ព្រះខេមញ្ញាន រ៉េត ស៊ីណាត ព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្ត ព្រះអង្គបានមានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន ២០០យួរ ភេសជ្ជៈ ១០កេស និង ឯកឧត្ដម អ៊ុ រាត្រី បានឧបត្ថម្ភនូវទឹកសុទ្ធវីតាល់ចំនួន ១០០កេស ផងដែរ ៕ ដោយ ៖ ភ្នំប្រាក់