កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងសាងសង់ទីបញ្ជាការថ្មីលើផ្ទៃដីជាង ៤ហិកតា
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២២បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលគ្រោងរៀបចំកសាងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទីតាំងដីស្ថិតនៅចំនុចអាងទឹកអូរកំពិស ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថាអង្គភាពអាវុធហត្ថខេត្តបានទទួលដីសម្បទានពីរដ្ឋបាលខេត្តចំនួន ៤៤.០២៣ម៉ែត្រការ៉េ ដើម្បីសាងសង់ទីបញ្ជាការដ្ឋានកងអាវុធហត្ថថ្មី។ហើយបច្ចុប្បន្នដីដែលទទួលបានពីរដ្ឋបាលខេត្ត ត្រូវបាននិងកំពុងបើកការដ្ឋានចាក់បំពេញនិងកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវនិងគ្រោងឈានទៅកសាងអាគាររដ្ឋបាលនាពេលខាងមុខផងដែរ។
លោកឧត្តមសេនីយ៍ឯក សេង សុង បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំអង្គភាពទាំងអស់ពិសេសលោកឧត្តមសេនីយ៍ ជូ សារុន ដែលបានដឹកនាំអង្គភាពឱ្យមានការរីកចម្រើននិងទទួលបានការជឿទុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះក៏បានសម្រេចការងារធំៗជាច្រើនទៀតដែលថ្នាក់លើប្រគល់ឱ្យផងដែរ។ទន្ទឹមនិងភាពជោគជ័យដែលអង្គភាពសម្រេចបានកន្លងមកក៏ត្រូវបន្តការខិតខំបន្ថែមទៀត ពិសេសគ្រប់គ្រងកម្លាំងនិងថែទាំទុកដាក់អាវុធឱ្យបានត្រឹមត្រូវ ឆ្លើយតបឱ្យទាន់ពេលវេលានៅពេលដែលពលរដ្ឋត្រូវការ ៕ ប្រភព៖ កំពង់ស្ពឺ