លោក ចូ បៃដិន យល់ព្រមទទួលយកការអញ្ជើញរបស់មេដឹកនាំអ៊ីស្រាអែល ដើម្បីទៅបំពេញ ទស្សនកិច្ចក្នុងប្រទេសនេះ

ហ្សេរុយសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃអាទិត្យបញ្ជាក់ថា ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានទទួលយកការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណាហ្វថាលី ប៊ែនណេត ដើម្បីបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងប៉ុន្មានខែខាងមុខនេះ។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនេះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការទាមទាររបស់អ៊ីរ៉ង់ ក្នុងការដកអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចេញពីបញ្ជីភេរវករ របស់សហរដ្ឋអាមេរិក។

លោក ប៊ែនណេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្ញុំប្រាកដថា លោកប្រធានាធិបតី បៃដិន ដែលជាមិត្តពិតរបស់អ៊ីស្រាអែល ដែលយកចិត្តទុកដាក់ចំពោះសន្តិសុខរបស់ខ្លួន នឹងមិន អាច ដក IRGC ចេញពីបញ្ជីអង្គការភេរវករបានទេ។ លោកបន្ថែមថា អ៊ីស្រាអែលបានបញ្ជាក់ជំហរ របស់ ខ្លួនលើបញ្ហានេះថា IRGC ជាអង្គការភេរវជនធំជាងគេក្នុងពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីកិច្ចខិតខំ ប្រឹងប្រែងដែលកំពុងបន្តរវាងមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីកាត់បន្ថយភាពតានតឹង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner