ប្រមុខអ.ស.ប នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី នៅមុនជំនួបពិភាក្សានៅរុស្ស៊ី និងអ៊ុយក្រែន
អង់ការ៉ា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប)លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នឹងទៅ បំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ និង ទីក្រុង កៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសតួកគីនៅថ្ងៃអាទិត្យបញ្ជាក់ថា លោកអគ្គលេខាធិការ នឹង មានកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅក្នុងរដ្ឋធានីអង់ការ៉ា។
អ្នកនាំពាក្យអ.ស.ប បាននិយាយកាលពីថ្ងៃសុក្រថា លោក ហ្គូដទែរ៉េស នឹងជួបជាមួយប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៦ និង២៨ ខែមេសាខាងមុខ ដាច់ដោយឡែកពីគ្នា។
លោក ស្តេហ្វែន ឌូចារីក អ្នកនាំពាក្យរបស់លោក ហ្គូទែរ៉េស បាននិយាយថា លោក ហ្គូដទែរ៉េស នឹង ធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយក៏មានកិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ផងដែរ។
លោក ឌូចារីក បន្ថែមថា ក្នុងកំលុងពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន លោក ហ្គូដទែរ៉េស ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា ហើយនិងក៏ ជួបជាមួយបុគ្គលិកនៃទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ ដើម្បីពិភាក្សាអំពីការពង្រីកជំនួយ មនុស្សធម៌ ដល់ប្រជាជនអ៊ុយក្រែន៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា



