សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុចំនួន៥ នៃបរិយាកាសវិនិយោគនៅកម្ពុជា ថា មានភាពល្អប្រសើរ ជូនដល់អ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូក្រុមហ៊ុនចំនួន ៣ ដែលចង់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីមូលហេតុចំនួន៥ នៃបរិយាការវិនិយោគនៅកម្ពុជា ថា មានភាពល្អប្រសើរ ជូនដល់អ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូក្រុមហ៊ុនចំនួន ៣ ដែលមានបំណងចង់វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុន ៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា អ្នកឧកញ៉ា ចេន ហ្ស៊ី និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួរអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចិន ហ្ស៊ី ក្រុមហ៊ុន China investment, ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោក ចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ, ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតម្រូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner